ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការកើនឡើង​ភាព​តានតឹង​របស់​អាម៉េរិក​ជាមួយ​ចិន ការបារម្ភ​អំពី​ការវាយលុក​ថ្មី​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុ​យក្រែន និង​ការ​ជាប់គាំង​ជាមួយ​តួ​ក​គី​ជុំវិញ​ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ នឹង​ស្ថិត​លើ​កំពូល​នៃ​របៀបវារៈ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​លោក អាន​ថូ​នី ប្លីង​កិន ខណៈ​គាត់​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​ថា លោក​ប្លីង​កិន​នឹង​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កុម្ភៈ​សម្រាប់​កិច្ចប្រជុំ​ជិត​មួយ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ តួ​ក​គី និង​ក្រិក​។​

​លោក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំមួយ​ថ្ងៃ​របស់គាត់​នៅឯ​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និច (Munich) ជា​កន្លែង​ដែល​គាត់​នឹង​ចូលរួម​ជាមួយ​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស តំណាង​ឱ្យ​រដ្ឋបាលបៃដិ​ន​។​

​មាន​ការរំពឹង​ទុក​ខ្ពស់​ថា លោក​ប្លីង​កិន​អាច​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​គោលនយោបាយ​ការបរទេស​កំពូល​របស់​ចិន គឺ​លោក វ៉ាង យី ដែល​នឹង​ចូលរួម​ក្នុង​សន្និ​សីទ​ទីក្រុង​មុយ​និច​ផងដែរ​។ មិនទាន់​មាន​កិច្ចប្រជុំ​បែប​នេះ​គ្រោង​ធ្វើឡើង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​ការពិភាក្សា​គ្នា​មែន​នោះ វា​នឹង​ក្លាយ​ជា​កិច្ច​ពិភាក្សា​កម្រិត​ខ្ពស់​លើក​ដំបូង​ជា​មួយ​ចិន ចាប់តាំងពី​លោក​ប្លីង​កិន​បាន​ពន្យារ​ពេល​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន ជុំវិញ​ការសង្ស័យ​អំពី​បា​ឡុង​ចារកម្ម​របស់​ចិន​។​

​ក្រុមមន្ត្រី​ការបរទេស​ជាន់ខ្ពស់​ផ្សេងទៀត​ជាច្រើន​រូប​ក៏​នឹង​មាន​វត្តមាន​នៅក្នុង​សន្និសីទ​ទីក្រុង​មុយ​និច​ដែរ ហើយ​ក្រៅពី​ការកើនឡើង​ការព្រួយបារម្ភ​អំពី​សកម្មភាព​ចារ​កម្ម​របស់​ចិន ស្ថានភាព​នៅ​អ៊ុយ​ក្រែន​មុន​ការរំពឹង​ទុក​អំ​ពី​ការវាយលុក​នៅ​និទាឃ​រដូវ​ដោយ​រុស្ស៊ី ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយជា​កង្វល់​ចម្បង​។​

​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​មួយ​ថ្ងៃមុន​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ហើយ​ការប្រជុំ​កាលពី​ឆ្នាំមុន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការព្រមាន​ពី​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ​ថា សង្គ្រាម​មួយ​ជិត​មក​ដល់​ហើយ​៕

​លោក​ប្លីង​កិនចេញដំណើរ​ទៅ​អាល្លឺម៉ង់ តួ​ក​គី និង​ក្រិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ