ដោយៈ យោធិន / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ បានលើកបង្ហាញពីឆន្ទៈ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ ជាមួយមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ស្រ្តី ក្នុងកិច្ចចូលរួមប្រតិបត្តិការ រក្សាសន្តិភាព ឱ្យកាន់តែមានចំនួនច្រើនឡើង បន្ថែមទៀត។
លោក Jo Sheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ បានបង្ហាញពីឆន្ទៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និងការជំរុញឲ្យមានចំនួនកើនឡើងរបស់ស្ត្រី ក្នុងការចូលរួមបេសកកម្មរបស់ អង្គការសហប្រជាជាតិ បែបនេះ ក្នុងឱកាសចូលជួបសវនាការ ជាមួយប្រមុខកងយោធា មួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។
ក្នុងឱកាសអញ្ជើញចូលជួបសវនាការនេះដែរ លោក Jo Sheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ កងកម្លាំងរក្សាសន្តិភាពម្នាក់ ដែលទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋម៉ាលី ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបង្ហាញនូវមនោសញ្ចេតនា ស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Jo Sheuer ព្រមទាំងថ្លែង អំណរគុណដល់ អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។
ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបង្ហាញពី ការប្តេជ្ញាចិត្ត ក្នុងកិច្ចប្រឹងប្រែងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែបន្ថែម ក្នុងវិស័យ រក្សាសន្តិភាព និងស្នើឱ្យមានវគ្គហ្វឹកហ្វឺន ពីសំណាក់អង្គការសហប្រជាជាតិ ។
ដោយឡែក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានទទួលជួបពិក្សាការងារ ជាមួយលោក Lloyd GILLET ប្រតិភូអង្គការអន្តរជាតិ កាកបាទក្រហម ប្រចាំតំបន់ ទទួលបន្ទុកផ្នែកយោធា និងសុវត្តិភាពប្រចាំ ICRC នៅទីក្រុងបាងកក ដើម្បីពង្រឹង និងបន្តផ្តល់ការហ្វឹកហ្វឺន ដល់កងទ័ពមួកខៀវកម្ពុជា។
លោក Lloyd GILLET មានសេចក្តីរីករាយជាខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ជាមួយស្ថាប័ន កងយោធាមួកខៀវកម្ពុជា និងបានប្តេជ្ញាក្នុងការចូលរួម ផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យកាន់តែទូលំទូលាយ៕ V / N