​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រុសៗ​នៅក្រោម​ការគ្រប់គ្រងរ​បស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ទទួលរង​នូវ “​ការ​វាយ​សំពង​នៅក្រោម​ខ្សែក្រវាត់​” ខណៈ​ការផ្គត់ផ្គង់​ថ្នាំ Viagra ត្រូវបាន​ផ្អាក​ដល់​ប្រទេស​រុស្ស៊ី​។​

​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​ថា សាជីវកម្ម​ឱសថ​និង​ថែទាំ​សុខភាព​ពិភពលោក​របស់​អាម៉េរិក គឺ​ក្រុមហ៊ុន Viatris ដែល​ជា​ម្ចាស់​យីហោ​ថ្នាំសម្រើប​នេះ បាន​បញ្ឈប់​ការផ្គត់ផ្គង់​ដល់​រុស្ស៊ី​។​

​របាយការណ៍​បាន​និយាយថា រុស្ស៊ី​ត្រូវបាន​ជូនដំណឹង​អំពី​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ឱសថ​នេះ​ក្នុង​ការផ្អាក​ការផ្គត់ផ្គង់​កាលពី​ឆ្នាំមុន បន្ទាប់​ពី​ការ​លុកលុយ​ប្រទេស​អ៊ុ​យក្រែន​។​

​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រុស្ស៊ី​បាន​និយាយថា “​ក្រុមហ៊ុន Viatris LLC បាន​ជូនដំណឹង​មក​យើង​អំពី​ការផ្អាក​ការផ្គត់ផ្គង់​ថ្នាំ Viagra ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់​”​។​

​ក្រសួង​រុស្ស៊ី​ភ្លាមៗ​បាន​ប្តេជ្ញា​ធានា​នូវ​ការផលិត​ថ្នាំ​ក្នុងស្រុក​សម្រាប់​បុរស​របស់​ប្រទេស​នេះ ដែលមាន “​សារធាតុ​សកម្ម​” ដូចគ្នា ដោយ​សង្កត់ធ្ងន់ថា រឿងនេះ​កំពុងដំណើរការ​រួចហើយ​។​

​ក្រសួង​សុខាភិបាល​រុស្ស៊ី​ក៏​បាន​អះអាង​ដែរ​ថា ឱសថស្ថាន​នានា​មិន​បាន​អស់​ស្តុក​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ទេ​។​

​មុន​ពេល​ការហាមឃាត់​ថ្នាំ Viagra ក្រុមហ៊ុន​រុស្ស៊ី​ដែល​ផលិត​ថ្នាំ​សំខាន់ៗ​សម្រាប់​បុរស​ជាមួយ​ថ្នាំ Sildenafil ដែល​ជា​ឈ្មោះ​មិន​មាន​ម៉ាក​សម្រាប់​ថ្នាំសម្រើប បាន​បង្កើន​ការផលិត ១១ ភាគរយ​នៅ​ចន្លោះ​ខែមករា​ដល់​ខែ​កញ្ញា​ឆ្នាំ ២០២២ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax ។​

​ការលក់​ថ្នាំ​សម្រួល​លិង្គ​ឱ្យ​ងើបឡើង​រឹង​នេះ​ក្នុង​រយៈពេល​ដូចគ្នា​បាន​កើនឡើង ១៥ ភាគរយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Tass បាន​រាយការណ៍​ថា ក្រុមហ៊ុន​ចំនួន ៣៦ នៅក្នុង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ចំនួន ៤៩ សម្រាប់​ការផលិត​ថ្នាំ Sildenafil ក្នុងស្រុក​៕

​រុស្ស៊ី​ត្រូវបាន​ជូនដំណឹង​អំពី​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន Viatris ក្នុង​ការផ្អាក​ការផ្គត់ផ្គង់​ថ្នាំ Viagra កាលពី​ឆ្នាំមុន