ដោយៈសុផល /ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាត បូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្តខិតខំដោះ ស្រាយបញ្ហាប្រឈមនិងពន្លឿនការងារមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។
ដើម្បីតម្រង់ទិស និងផ្តល់ជាធាតុចូល ស្របតាមអនុសាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាពតាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមផ្តល់អនុសាសន៍១១ចំណុចដល់អង្គសន្និបាត។ក្នុងនោះ៖ទី១. បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា; ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈការរកដំណោះស្រាយឈ្នះ-ឈ្នះ ជាមួយប្រទេសជិតខាង; ដោះស្រាយបញ្ហាកកស្ទះ និង កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត; និង ជំរុញការពិភាក្សាជាមួយភាគីថៃ និង វៀតណាមដើម្បីបង្កើនប្រតិបត្តិការច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និង ព្រៃវល្លិ៍-ប៊ិញហៀប។
ទី២. ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និង គម្រោងជាអាទិភាព និង ជាទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល តាមផែនការគ្រោងទុក ។ ក្រសួងក៏ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ, ជាពិសេស ប៉ូលសេដ្ឋកិច្ចទី ៣, ផ្លូវល្បឿនលឿនពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំ ទៅក្រុងសៀមរាប ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ និង ប្រសិទ្ធ-ភាពសេដ្ឋកិច្ច-សង្គម យ៉ាងច្រើន។
ទី៣.យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយលើកម្ចីសម្បទានជាមួយភាគីមិត្ត, ជាពិសេសគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោង ដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ទី៤.ជំរុញការសិក្សាឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព ជាអាទិ៍៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាបទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ; គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ;គម្រោងផ្លូវរថភ្លើងក្រោមដនៅក្នុងរាជធានីភ្នំពេញ និង គម្រោងផ្លូវដែកល្បឿនលឿន ដែលត្រូវធ្វើឡើងជាកញ្ចប់, ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និង សម្រាប់ ការតភ្ជាប់ក្នុងតំបន់, ជាពិសេស ការតភ្ជាប់រហូតទៅដល់ប្រទេសចិន។ចំពោះមុខនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមស្នើក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សា ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ទាំងល្បឿនលឿន និង ល្បឿនធម្មតា, ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ទី៥. ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និង ទឹកភ្លៀង និងបន្តជំរុញពន្លឿនការរៀបចំ និង អនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និង បទប្បញ្ញត្តិបច្ចេកទេសនានា ពាក់ព័ន្ធវិស័យទឹកកខ្វក់រួមទាំងការបញ្ចូលកម្រៃសេវាទឹកកខ្វក់ជាមួយវិក័យបត្រទឹកស្អាត ដើម្បីគាំទ្រការថែទាំ, ការសាង- សង់ និង ការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធលូ និង ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមក្រុង និង ទីប្រជុំជននៃខេត្តគោលដៅសំខាន់ៗ និង តាមតំបន់មាត់សមុទ្រ ។
ទី៦.ជំរុញការរៀបចំ និង អនុម័តគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និង ដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV) តាមរយៈការបន្តបង្កើនកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន, ជាពិសេស ការវិនិយោគលើការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី សំដៅចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងធម្មជាតិនៅកម្ពុជា។
ទី៧.ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែ ឲ្យកាន់តែល្អប្រសើរឡើងតាមរយៈការពង្រឹការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI), ការបញ្ចប់គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និង កំពង់ផែពហុបំណងនានាព្រមទាំងការពិចារណាពីរាជរដ្ឋាភិបាលកម្ពុជា លើលទ្ធផលនៃការ-សិក្សាសមិទ្ធិលទ្ធភាព និង ការសិក្សាលម្អិតគ្រប់ជ្រុងជ្រោយនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្ត្រដំបូងគេ តភ្ជាប់មធ្យោបាយដឹក-ជញ្ជូនតាមផ្លូវទឹក ពីទន្លេមេគង្គ និង ទន្លេសាប ឆ្ពោះទៅកំពង់ផែសមុទ្រដោយផ្ទាល់។
ទី៨. ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតអប្បបរមា។
ទី៩.ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក;ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ; យុទ្ធសាស្ត្រ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់ការអនុវត្តច្បាប់ក្នុវិស័យសាធារណការ និង ដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធ-ភាព ក្នុងការគ្រប់គ្រង ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ។
ទី១០. បន្តជំរុញការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ឧត្តមសិក្សា និង វគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូនតាមរយការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និង សាធារណការជាដើម។
ចំណុចទី១១ដែលជាចំណុចចុងក្រោយគេគឺ បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែល្អប្រសើរជូនប្រជាជន និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និង អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ-គ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត៕សរន.mara