ដោយៈប.ខុនភ្នំពេញៈគម្រោងបង្កើតសួននិងឧទ្យានជាតិសាធារណៈលើទំហំផ្ទៃដី៧៥ហិកតានៅបឹងតាមោក(កប់ស្រូវ)តាមការសម្រេចរបស់រាជរដ្ឋាភិបាល ពេលនេះរដ្ឋបាល រាជធានីភ្នំពេញកំពុងដំណើរការចាក់ដីទន្លេនិងបានត្រៀមកូនឈើចម្រុះរាប់សែនដើមសម្រាប់ដាំនៅឧទ្យាននេះនាពេលឆាប់ៗខាងមុខ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ថា គម្រោងបង្កើតសួននិងឧទ្យានជាតិសាធារណៈនៅបឹងតាមោកលើផ្ទៃដីចំនួន៧៥ហិកតា ពេលនេះកំពុងតែដំណើរការចាក់ដី មិនទាន់បានដាំដើមឈើនៅឡើយទេ។ តែយើង(ឃួងស្រេង)បានត្រៀមកូនឈើចំនួនរាប់សែនដើមសម្រាប់ដាំរួចហើយ។
លោកអភិបាលរាជធានីបានបញ្ជាក់ថា ដីដែលត្រូវយកមកចាក់ធ្វើសួននេះ មិនអាចចាក់ខ្សាច់បានទេជាដីល្អ គឺជាដីទន្លេដែលពិបាករក។ ពេលនេះយើងរកបានដីប្រហែល នឹងដីទន្លេដោយដឹកមកពីខេត្តកណ្តាល ដោយសារគម្រោងទាំងមូលមានផ្ទៃដីធំ ដូច្នេះយើងត្រូវធ្វើទៅតាមជំហានដោយចាក់បានប៉ុណ្ណាដាំប៉ុណ្ណោះសិន។
លោកគាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ខែកុម្ភៈថា គម្រោងសួននិងឧទ្យានជាតិសាធារណៈនៅបឹងកប់ ស្រូវមិនទាន់បានដាំដើមឈើឬធ្វើសួនអីនៅឡើយទេ គឺរដ្ឋបាលរាជធានីភ្នំពេញកំពុងតែដំណើការចាក់ដី ។ក្រៅពីកូនឈើធំៗដែលលោកអភិបាលរាជធានីបានត្រៀមទុកសម្រាប់ ដាំដោយមានចំនួនរាប់សែនដើម នោះខាងរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើចម្រុះចំនួន៤ម៉ឺនដើម សម្រាប់ដាំនៅក្នុងគម្រោងខាងលើនេះដែរ។កូនឈើដែលបានត្រៀមមានធ្នង់ ក្រញូង បេង នាងនួង គគីរ រាំង…ជាដើម។
គួរនិយាយឱ្យដឹងថាកាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ៧៥ហិកតា សិ្ថតនៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួន និងឧទ្យានជាតិសាធារណៈនៅរាជធានីភ្នំពេញ តាមការស្នើរបស់រដ្ឋបាលរាជធានីភ្នំពេញ៕srn-PC