​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ដោយ​បញ្ជូន​រ៉ូបូត​មុជទឹក​ទៅក្រោម​ធ្នើ​រទឹកកក​ដែល​រលាយ​យ៉ាង​លឿន​មួយ​នៅ​ទ្វីប​អង់តាក់ទិក អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​តម្រុយ​ថ្មី​អំពី​របៀប​ដែល​វា​រលាយ​។ ការរកឃើញ​នេះ​នឹង​ជួយ​វាយតម្លៃ​អំពី​ការគំរាមកំហែង​ដែល​ធ្នើរ​នេះ​និងធ្នើ​ទឹកកក​ផ្សេងទៀត​បាន​បង្ក​ឱ្យ​មានកា​រ​កើនឡើង​កម្រិត​ទឹកសមុទ្រ​រយៈពេល​វែង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ការ​រលាយ​នៃ​ផ្នែក​ខាងក្រោម​នៃ​ធ្នើ​រទឹកកក​ឈ្មោះ​ថ្វេ​ស (Thwaites)​នៅ​ភាគ​ខាងលិច​ទ្វីបអង់តាក់ទិក​គឺ​មាន​តិច​ជាង​ការរំពឹង​ទុក​ពី​ការប៉ាន់ស្មាន​ដែល​បានមក​​ពី​គំរូ​លើ​កុំព្យូទ័រ​។ ប៉ុន្តែ​ពួកគេ​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​រលាយ​ឆាប់រហ័ស​កំពុង​កើតឡើង​នៅ​កន្លែង​ដែល​មិន​នឹកស្មាន​ដល់​ផងដែរ គឺ​ផ្ទៃរាប​ខាងលើ​និង​ក្រហែង​ជាច្រើន​ដែល​លាតសន្ធឹង​ទៅ​ក្នុង​ធ្នើ​រ​ទឹកកក​នេះ​។​

​ការរកឃើញ​នេះ​មិនបាន​ផ្លាស់ប្តូរ​ការពិត​ដែលថា ធ្នើរ​ទឹកកក​ថ្វេ​សបាន​ស្ថិតក្នុង​ចំណោម​ធ្នើរ​ទឹកកក​ដែល​រលាយ​លឿន​បំផុត​និង​មាន​ស្ថិរភាព​តិច​បំផុត​នៅ​ទ្វីបអង់តាក់ទិក​ហើយ​វា​ជា​ក្តីបារម្ភ​បំផុត​នៅ​​ពេល​និយាយ​អំពី​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​។ វា​ក៏​មិន​បាន​ផ្លាស់ប្តូរ​នោះ​ដែរ​ចំពោះ​ការព្យាករណ៍​ថា ការដួលរលំ​នៃ​ធ្នើ​ទឹកក​កនិង​ផ្ទាំង​ទឹកកក​នឹង​នាំឱ្យ​មាន​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​ប្រហែ​ល ៦០ សង់ទីម៉ែត្រ​ក្នុង​រយៈពេល​ប៉ុន្មាន​សតវត្សរ៍​ខាងមុខ​។​

​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ​ជាច្រើនរូប​ទៀត​គឺ​លោក ភី​ត​ធឺ អ៊ី​ឌី (Peter E.D) ជា​អ្នកស្រាវជ្រាវ​មហាសមុទ្រ​នៅ​អង្គភាព​ស្ទាបស្ទង់​ទ្វីបអង់តាក់ទិក​របស់​អង់គ្លេស បាន​និយាយថា ការស្រាវជ្រាវ​នេះ “​កំពុង​ប្រាប់​យើង​កាន់តែ​ច្រើន​អំពី​ដំណើរការ​ដែល​ជំរុញ​ឱ្យ​មាន​ការ​រលាយ​នៅលើ​ធ្នើ​រទឹកកក​ថ្វេ​ស​”​។ ការរកឃើញ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​នៅក្នុង​ទស្សនា​វ​ដ្តី Nature នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​កែលម្អ​គំរូ​ដែល​ព្យាករណ៍​ពី​អនាគត​រយៈពេល​វែងរ​បស់​ធ្នើរ​ទឹកកក​ថ្វេ​ស​។​

​ការស្រាវជ្រាវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំ​មួយ ពោល​ជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ធ្នើរ​ទឹកកក​ថ្វេ​ស​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ឯ​ធ្នើរ​ទឹកកក​ថ្វេ​ស​។​

​ធ្នើរ​ទឹកកក​នេះ​គឺជា​អណ្តាត​ដែល​អណ្តែត​របស់​ផ្ទាំង​ទឹកកក​ថ្វេ​ស ដែល​ជា​ទន្លេ​ទឹកកក​មាន​ទំហំ​ប៉ុន​រដ្ឋ​ផ្លរីដា ដែល​ជួយ​ទប់​ផ្ទាំង​ទឹកកក​មួយ​ក្នុងចំណោម​ផ្ទាំង​ទឹកកក​ដ៏​ធំ​ចំនួន​ពីរ​របស់​ទ្វីប​អង់តាក់ទិក​។ ទឹក​នៅ​ជុំវិញ​ទ្វីបអង់តាក់ទិក​កំពុង​ក្តៅ​ទៅៗ ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ ហើយ​នៅពេល​ដែល​ទឹក​ក្តៅ​នេះ​ហូរ​ទៅ​ក្រោម​ធ្នើរ​ទឹកកក ទឹកកក​នឹង​រលាយ​ពីក្រោម ហើយ​ធ្នើរ​នេះ​នឹង​កាន់តែ​ស្តើង​។ អ្វី​ដែល​គេ​ហៅថា ខ្សែ​ដី​ដែល​ជា​តំបន់​ដែល​ទឹកកក​អណ្តែត​មក​ប៉ះ​នឹង​ផ្ទាំង​ថ្ម​នោះ បាន​កំពុង​ឃ្លាត​ចេញ​ពី​គ្នា នៅពេល​ដែល​ធ្នើរ​ទឹកកក​បាត់បង់​ទឹកកក ដោយ​រំកិល​ចេញពី​ដី​ប្រហែល ១៣ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​៕

រ៉ូបូត​មុជទឹ​កកំពុងធ្វើការ​នៅក្រោម​ធ្នើរទឹកកក​ថ្វេ​ស