​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Ford Motor Co.​បាន​ផ្អាក​ការផលិត​និង​បញ្ឈប់​ការនាំ​ចេញ​រថយន្ត​ភី​ក​អាប់​អគ្គិសនី F-150 Lightning បន្ទាប់​ពី​អាគុយ​បាន​ឆាបឆេះ​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​គុណភាព​មុន​ពេល​ចែកចាយ​។​

​ការផលិត​នៅ​មជ្ឈមណ្ឌល​យានយន្ត​អគ្គិសនី​រូ (Rouge)​របស់​ក្រុមហ៊ុន Ford ក្នុង​ទីក្រុង​ឌា​ប៊​ន (Dearborn) រដ្ឋ​មី​ស៊ី​ហ្គែ​ន ត្រូវបាន​បញ្ឈប់​រហូត​ដល់​យ៉ាងហោច​ចុង​សប្តាហ៍​ក្រោយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​ថា ខ្លួន​មិន​មាន​ហេតុផល​ជឿ​ថា​រថយន្ត​ភី​ក​អាប់​ដែល​ប្រើប្រាស់​រួច​ដោយ​អតិថិជន​ត្រូវបាន​​ប៉ះពាល់​ដោយ​បញ្ហា​អាគុយ​នោះទេ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Ford លោកស្រី អេម​ម៉ា បឺក (Emma Berg) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​នៅត្រឹម​ចុង​សប្តាហ៍​ក្រោយ យើង​រំពឹង​បញ្ចប់​ការស៊ើបអង្កេត​របស់​យើង និង​អនុវត្ត​នូវ​អ្វី​ដែល​យើង​បាន​រៀនសូត្រ​ចំពោះ​ដំណើរការ​ផលិត​អរ​គុយ​របស់​រថយន្ត​។ នេះ​អាច​ចំណាយ​ពេល​ពីរ​បី​សប្តាហ៍​”​។​

​អគ្គិភ័យ​បាន​កើតឡើង​នៅ​ឃ្លាំង​លើ​ទីវាល​មួយ​នៅ​ក្បែរ​ទីក្រុង​ឌា​ប៊​ន ជា​កន្លែង​ដែល​រថយន្ត​ត្រូវបាន​រក្សា​ទុក​សម្រាប់​ការត្រួតពិនិត្យ​គុណភាព​។ លោកបឺក​បាន​និយាយថា រថយន្ត​ដែល​មាន​បញ្ហា​អាគុយ​និង​រថយន្ត​ពីរ​គ្រឿង​ទៀត​នៅក្បែរនោះ​បាន​រង​ការខូចខាត​ដោយ​សារ​ភ្លើង​។ គ្មាន​ការរង​របួស​ត្រូវបាន​រាយការណ៍​ទេ​។​

​ក្រុមហ៊ុន​ជឿថា ខ្លួន​បាន​កំណត់​ឃើញ​មូលហេតុ​ដើម​នៃ​បញ្ហា​អាគុយ​ហើយ រួម​ទាំង​ចំនួន​រថយន្ត​ភី​ក​អាប់​ដែល​ទំនង​រង​ផលប៉ះពាល់​ដោយ​បញ្ហា​មួយ​នោះ​។ លោកបឺក​បាន​និយាយថា “​យើង​ត្រួតពិនិត្យ​ទិន្នន័យ​យានយន្ត​ដើម្បី​ជួយ​ធានា​ឱ្យ​រថយន្ត​របស់​យើង​ដំណើរការ​ដូច​ការរំពឹង​ទុក​នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​”​។​

​ក្រុមហ៊ុន​នឹង​បន្ត​រក្សា​ទុក​រថយន្ត​ភី​ក​អាប់​ទាំងនោះ​រហូត​ដល់​មាន​ការផ្លាស់ប្តូរ​វិស្វកម្ម​និង​ការផលិត​។​

​អាគុយ​សម្រាប់​ឡាន​ភី​ក​អាប់​នេះ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន SK Innovation របស់​កូរ៉េ​ខាងត្បូង ដែល​មាន​រោងចក្រ​នៅ​រដ្ឋ​ច​ច​ចៀ​៕

រថយន្ត Ford F-150 Lightning បង្ហាញ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​ហ្វីឡា​ដែល​ហ្វៀ នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣​