​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឌួង​ផេត ព្រំ​ថេប (Duangpetch Promthep) ជា​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​ទាំង ១២ នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​រូងភ្នំ​ថៃ​ក្នុង​ឆ្នាំ ២០១៨ បាន​ស្លាប់​នៅ​ចក្រភព​អង់គ្លេស​។​

BBC បាន​និយាយថា ក្មេងប្រុស​អាយុ ១៧ ឆ្នាំ​រូប​នេះ​ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​គេ​ក្នុង​ទី​ក្រុងឡេសេ​ស្ទើ​សាយ​អឺ (Leicestershire) កាលពី​ថ្ងៃអាទិត្យ​ទី​១២​កុម្ភៈ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ជា​កន្លែង​ដែល​រូបគេ​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កុម្ភៈ​។​

​រូបគេ​បាន​ចុះឈ្មោះ​ចូល​រៀន​នៅ​សាលា​បាល់ទាត់​ក្នុង​ចក្រភព​អង់គ្លេស​តាំងពី​ចុង​ឆ្នាំ​មុន​។​

​ក្មេង​នេះ​គឺជា​ប្រធាន​ក្រុមបាល់ទាត់​ក្មេងប្រុស​ថៃ ដែល​បាន​ជាប់​ជ្រៅ​នៅក្នុង​ល្អាង​រូងភ្នំ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ​។​

​ទឹកមុខ​ញញឹម​របស់​ក្មេង​នេះ ដែល​ចាប់បាន​ដោយ​ភ្លើង​ពិល​របស់​អ្នក​មុជទឹក​ម្នាក់​បន្ទាប់ពី​ក្មេងប្រុស​ទាំងអស់​ត្រូវបាន​រកឃើញ​នៅក្នុង​រូង​ភ្នំ គឺជា​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ដែល​គួរឱ្យ​ចង​ចាំ​បំផុត​ពី​ការជួយ​សង្គ្រោះ​នោះ​។​

​គេ​មិនដឹងថា​ក្មេង​ជំទង់​នេះ​ស្លាប់​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ​ប៉ូលិស​ក្រុងឡេសេ​ស្ទើ​សាយ​អឺ បាន​និយាយថា ការស្លាប់​របស់​គេ​មិន​ត្រូវបាន​ចាត់ទុក​ថា​គួរឱ្យ​សង្ស័យ​នោះទេ​។ របាយការណ៍​នៅក្នុង​ប្រទេស​ថៃ​បាន​និយាយថា​រូបគេ​បាន​រងរបួស​ក្បាល​។​

​ព្រំ​ថេប​ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ទូទៅ​ខេ​ត​ធឺ​រីង (Kettering General Hospital) កាលពី​រសៀល​ថ្ងៃ​អាទិត្យ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​សេវា​ឡានពេទ្យ​អ៊ី​សមី​តលែ​ន (East Midlands Ambulance Service)​។ រថយន្ត​សង្គ្រោះ​បន្ទាន់​មួយគ្រឿង​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ផងដែរ ។​

​កាលពី​ខែ​សីហា​ឆ្នាំមុន មិត្ត​រួម​ក្រុម​របស់​គេ​បាន​ជួយ​ត្រេកអរ នៅពេល​ដែល​ព្រំ​ថេប​បានប្រកាស​នៅលើ Instagram ថា រូបគេ​បាន​ទទួល​អាហារូបករណ៍​ដើម្បី​ចូលរួម​ជាមួយ​សាលា​បាល់ទាត់​វិទ្យាល័យ​ប្រូក​ហោ​ស (Brooke House) នៅ​ទីប្រជុំជន​ម៉ា​ឃី​ត​ហា​បូរ៉ូ (Market Harborough)​។​

​ព្រំ​ថេប​បានសរសេរថា “​ថ្ងៃនេះ សុបិន​របស់ខ្ញុំ​បាន​ក្លាយជា​ការពិត​”​។​

​ទើបតែ​ប្រាំ​មួយខែ​ប៉ុណ្ណោះ ពួកគេ​ឥឡូវ​កំពុង​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​មិត្តភក្តិ​របស់​ពួកគេ​៕

​ព្រំ​ថេប​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅ​អង់គ្លេស​