ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ បានឱ្យដឹងថាៈ ឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេស ចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា និងក្នុងនេះ ក៏បានបញ្ជាក់ពីការខិតខំជំរុញ ដល់់អ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជា បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់មន្រ្តីទូតទាំង៤ ប្រទេសនេះ បានធ្វើឡើង ក្នុងជំនួប ពិភាក្សាការងារ ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នាទីស្តីការក្រសួងការងារ។ មន្រ្តីទូតទាំង៤ ប្រទេសទាំងនេះ មានដូចជា លោក Jon Astrom Grondahl ឯកអគ្គរាជទូត ស៊ុយអ៊ែត ប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតណ័រវ៉េប្រចាំកម្ពុជា និង ថៃ, លោក Jon Thorgaard ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា និងថៃ និងលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ ប្រចាំកម្ពុជា និង ថៃ។

នាឱកាសនៃជំនួបសម្តែង ការគួរសមជាមួយអគ្គរាជទូត អគ្គរដ្ឋទូតម្តង ៤ប្រទេសនេះ លោក អ៉ិត សំហេង បានសំដែងការអរគុណចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ ប្រទេសស៊ុយអែត​លើគម្រោងជាច្រើន ជាពិសេសទៅលើគម្រោងកសាងសមត្ថភាព ក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសការងារ តាមរយៈការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រ លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច -សង្គមរបស់កម្ពុជា ជាពិសេស វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យទទួលស្គាល់ជាប្រទេស ដែលអនុវត្ត បានកាន់តែប្រសើរ អនុលោមទៅតាមបទដ្ឋាន ការងារអន្តរជាតិ ដែលជាកត្តាមួយយ៉ាង សំខាន់ក្នុងការផ្តល់នូវជំនឿទុកចិត្ត ដល់បណ្តាអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ទំនិញ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងថាៈ កម្ពុជាបាននិងកំពុងបន្តពង្រឹងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹង តម្រូវការ នៃការធានាបាននូវ លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនង វិជ្ជាជីវៈ។ ពង្រឹងការអនុវត្តច្បាប់ ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដ របស់កម្មករ និយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មាន ប្រសិទ្ធភាព ក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative) ការបន្តអនុវត្តបានយ៉ាងល្អ នូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយ បញ្ហានានា ប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្ត ពង្រឹងយន្តការ ក្រុមប្រឹក្សាអាជ្ញាកណ្តាល សុទ្ធជាធាតុផ្សំ នៃការកសាងជំនឿទុកចិត្ត របស់អ្នកវិនិយោគទុន ប្រទេសទាំងនេះ នៅកម្ពុជា។

ក្រសួងការងារ បានឱ្យដឹងដែរថាៈ ក្នុងពិធីនេះ ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសំដែង នូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រង បានយ៉ាងល្អ ដែលអាចជួយសង្គ្រោះ អាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការ សកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ពេញលេញ លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ក៏បានសំដែងនូវ ការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើន នៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើឡើង នូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ ដោះស្រាយការងារ ដោយឯករាជ្យ និងតម្លាភាព។

ភាគីទាំងអស់ ថានឹងបន្តរួមគ្នា លើកិច្ចសហប្រតិបត្តិ លើគម្រោងផ្សេងទៀត ដែលប្រទេស ទាំងនេះ មានគំរូដ៏ល្អ សម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរ ថែមទៀត ទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញ ដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេស អនុវត្តតាមអនុលោមភាព នៃបទដ្ឋានការងារអន្តរជាតិ៕ V / N