ឆេ​ល​ស៊ី​គ្រោង​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ជា​ផ្លូវការ ស្របពេល​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ជ័រ​ជី​ញ៉ូ​

972
ចែករម្លែក

​ទីបំផុត​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រោង​នឹង​ចូល​ជំនួស​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នៅ​ក្លឹប​ឆេ​ល​ស៊ី ដែល​ទើបនឹង​បាន​ដណ្តើមយក​ខ្សែបម្រើ ជ័រ​ជី​ញ៉ូ (Jorginho) របស់​ក្លិប ណា​ប៉ូ​លី​(Napoli) ក្នុងតម្លៃ​៥៧​លាន​ផោន​ផងដែរ ។ កីឡាករ ជ័រ​ជី​ញ៉ូ គឺជា​គោលដៅ ផ្ទេរ​យូរ​មកហើយ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​ឆេ​ល​ស៊ី​ម្ចាស់​ពាន FA Cup សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ពីរ​ក្នុងពេល​តែមួយ ដើម្បី​បញ្ចប់ កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​របស់លោក កុន​តេ នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ ត្រៀម​រៀបចំ​សម្រាប់​រដូវ​កាល​ថ្មី​។​
​ ​
​លោក អូ​រ៉េ​លី​យ៉ូ ដឺ ឡូ​រិ​នទី​ស (Aurelio De Laurentiss) ប្រធាន​ក្លិប Napoli បាន​ចរចា​ជាមួយ ក្លឹប​ឆេ​ល​ស៊ី​ចាប់តាំងពី​រដូវ​កាល​មុន ដោយ​មានការ​តថ្លៃ​គ្នា​នៅពេល​ក្លឹប​ឆេ​ល​ស៊ី​ចង់បាន​គ្រូបង្វឹក សារី ។​
​ ​
​ប៉ុន្តែ​ដោយសារ​លោក​បានប្រកាស​តែងតាំង​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ជា​គ្រូបង្វឹក​ថ្មី​របស់ Napoli លោក ដឺ ឡូ​រិ​នទី​ស បាន​និយាយថា “​លោក សារី ជិត​ក្លាយជា​អ្នក ចាត់ការ​ថ្មី​របស់​ឆេ​ល​ស៊ី​ហើយ​។ មេធាវី​របស់ខ្ញុំ​កំពុង​ចរចា​ជាមួយ​ក្រុម​មេធាវី របស់គាត់ ដើម្បី​សម្រេច​អ្វីៗ​គ្រប់យ៉ាង​”​។​
​ ​
​គេ​ជឿថា តម្លៃ​ផ្ទេរ​៥៧​លាន​ផោន​តំណាង​ឲ្យ​តម្លៃ​សរុប​សម្រាប់​កីឡាករ​ឆ្នើម ជ័រ​ជី​ញ៉ូ និង​លោក សារី ដែល​ក្លិប Napoli ចង់បាន​សំណង​៨​លាន​ផោន​។​
​ ​
​លោក ដឺ ឡូ​រិ​នទី​ស បាន​អះអាងថា កិច្ចព្រមព្រៀង​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​ជឿនលឿន ដោយ ជ័រ​ជី​ញ៉ូ ពេញចិត្ត​រស់នៅ​ទីក្រុង​ឡុង​ដ៍​ជាង​នៅ​ម៉េ​ន​ឆេ ស្ទ័​រ​។​
​ ​
​ប្រធាន​ក្លិប Napoli រូបនេះ​បាន​និយាយថា “​កិច្ចព្រមព្រៀង​របស់លោក សារី ស្ថិតក្នុង​ដំណាក់កាល ចុងក្រោយ​ហើយ​។ វា​អាស្រ័យ​លើ​គាត់​។ ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។ ទោះបីជា​យា់ង​ណា ប្រសិនបើ​កីឡាករ​ចង់​រស់នៅ​ទីក្រុង​ឡុង​ដ៍​ជាង​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ខ្ញុំ​អាចយ​ល់ពី​បញ្ហា​នេះ​”​។​
​ ​
​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ចរចា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ជ័រ​ជី​ញ៉ូ ច្រើន​សប្តាហ៍​មកហើយ ប៉ុន្តែ​នៅពេលនេះ​ត្រូវ​បាត់បង់​ឱកាស​។​
​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge បង្ហាញ​ពី​ការជួបជុំ​ឡើងវិញ​ជាមួយ គ្រូបង្វឹក​ដែល​ខ្លួន​ធ្លាប់ធ្វើ​ការងារ​ជាមួយ​បី​រដូវ​កាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​ខ្សែបម្រើ ជ័រ​ជី​ញ៉ូ (Jorginho)

ទីតាំងផ្សាយពាណិជ្ជកម្ម