ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីការអនុវត្តមេត្រីបរិស្ថាន និងពិសេសបានចូលរួមថែរក្សា បរិស្ថាន ការចូលរួមសកម្មភាពនានា ដែលទ្រទ្រង់ការពារធនធានធម្មជាតិ ការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស អំពីបរិស្ថាន យ៉ាងជោគជ័យមកនោះ ក្រសួងបរិស្ថាន បានប្រគេនបណ្ណសរសើរ មេត្រីបរិស្ថាន ដល់វត្តលង្កា ព្រះកុសមារាម ។

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ប្រគេនបណ្ណសរសើរ មេត្រីបរិស្ថាន ជូនវត្តលង្កា ព្រះកុសមារាម ដែលមានសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ជាព្រះចៅអធិការ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹថាៈ ដោយយោងតាមរយៈ ការចុះពិនិត្យ និងវាយតម្លៃរបស់ ក្រុមការងារវាយតម្លៃ គុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន នៃមន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានបង្ហាញថា បរិស្ថាននៅក្នុង វត្តលង្កា បានឆ្លើយតប ទៅនឹងលក្ខណៈវិនិច្ឆ័យ និងសូចនាកររបស់ ក្រសួងបរិស្ថាន បានកំណត់ មានដូចជា ការត្រួតពិនិត្យសកម្មភាពអនាម័យជាប្រចាំ ទីតាំងអគារ មានបញ្ចូលស្ថាបត្យកម្មខែ្មរ ការចូលរួមអនុវត្ត គោលការណ៍ ៤ R ការប្រើប្រាស់ទឹក ភ្លើងដោយសន្សំសំចៃ ការចូលរួមសកម្មភាពនានា ដែលទ្រទ្រង់ការពារធនធានធម្មជាតិ ការអប់រំ និងអភិវឌ្ឍន៍ ធនធានមនុស្ស អំពីបរិស្ថាន ការចូលរួមចែករំលែក និងផ្សព្វផ្សាយអំពីបរិស្ថាន ការអនុវត្ត តាមប្រកាស បទបញ្ជា និងសារាចរណែនាំ ស្តីពីបរិស្ថាន និងការកៀរគរឱ្យមាន ការចូលរួមអនុវត្ត សកម្មភាពបរិស្ថាន ។ល។

លោក អនុរដ្ឋលេខាធិការ ជួប ប៉ារីស៍ ក្នុងពិធីនេះ ក៏បានលើកទឹកចិត្តដល់អារាមដទៃទៀត ដែលមានទីតាំង ទាំងនៅក្នុងរាជធានី ខេត្ត សូមចូលរួមអនុវត្តសកម្មភាពមេត្រីបរិស្ថាន ឱ្យបានច្រើនកុះករ និងសូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមចូលរួមអប់រំ ផ្សព្វផ្សាយ អំពីបរិស្ថាន ទៅដល់ពុទ្ធបរិស័ទ និងសាធារណជនគ្រប់រូប ឱ្យបានជ្រាប និងចូលរួមអនុវត្ត ទាំងអស់គ្នា ដើម្បីកម្ពុជាទទួលបានបរិស្ថានស្អាត មានអនាម័យល្អ និងមានសោភ័ណភាព ល្អ។

គួររំលឹកថា ក្រសួងបរិស្ថាន បាននិងកំពុងលើកទឹកចិត្ត តាមរយៈការផ្តល់បណ្ណសរសើរ មេត្រីបរិស្ថាន ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលគ្រប់វិស័យ ដែលបានចូលរួមប្រតិបត្តិ បរិស្ថានល្អប្រសើរ៕/V/R