ដោយ៖ ដេប៉ូ / ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានធ្វើការប្រគល់រថយន្ត ដឹកសំរាមចំនួន ១២ គ្រឿង ដែលជាអំណោយ របស់ក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូន ដល់មន្ទីរបរិស្ថានចំនួន៩ រួមមាន មន្ទីរបរិស្ថានខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្ទឺងត្រែង ស្វាយរៀង ឧត្តរមានជ័យ កែប កំពង់ធំ និងខេត្តព្រះវិហារ។ ចំណែកទូកម៉ាស៊ីន ចំនួន ១៧ គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ពោធិ៍សាត់ និងមណ្ឌលគីរី។
ពិធីនេះ គេឃើញមានការចូលរួម ពីសំណាក់ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន ដែលបានចូលរួម ក្នុងពិធីប្រគល់ទទួលរថយន្ត ដឹកសំរាម និងទូកម៉ាស៊ីន ជូនដល់បណ្តាមន្ទីរបរិស្ថាន រាជធានី-ខេត្ត នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
គួររំលឹកថា រថយន្តដឹកសំរាមនេះ គេរំពឹងថានឹងចូលរួមគាំទ្រ ផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូល ដោយខ្លួនឯងឱ្យ ស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយក ធនធានពីសំរាម ព្រមទាំងចូលរួម អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែក ទូកម៉ាស៊ីន ដែលក្រសួង បានផ្តល់ជូន គឺដើម្បីសម្រួលដល់ កិច្ចការងារល្បាតការពារ អភិរក្សធនធានធម្មជាតិរបស់ មន្ត្រីឧទ្យានុរក្ស ក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន៕ V / N