លូ​កា ម៉ូ​ឌ្រី​ក រិះគន់​បណ្តាញ​ព័ត៌មាន​អង់គ្លេស​ដែល​មើលស្រាល​ក្រុម​ក្រូ​អាស៊ី​មុន​ការប្រកួត​

1065
ចែករម្លែក

លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) បាន​រិះគន់​បណ្តាញសារព័ត៌មាន​នៅ​ប្រទេស​អង់គ្លេស បន្ទាប់ពី​កីឡាករ​រូបនេះ​ជួយ​ក្រុម​ក្រូ​អាស៊ី​យកឈ្នះ​ក្រុម​អង់គ្លេស​និង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ជា​លើកដំបូង​។​

​កីឡាករ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​រូបនេះ​បាន​បំពេញ​តួនាទី​នៅ​តំបន់​បម្រើ​បានល្អ​និង​ប្រើពេល​ដ៏​យូរ មុនពេល​កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ចុង​ម៉ោង​។
​ ​
​កីឡាករ Kieran Trippier និង​កីឡាករ Ivan Perisic រកបាន​ម្នាក់​១​គ្រាប់​ជួយ​ឲ្យ​ក្រុម​ទាំងពីរ​បន្ត ប្រកួត​ដល់​ម៉ោង​បន្ថែម​ប៉ុន្តែ​ក្រុម​ក្រូ​អាស៊ី​ធ្វើបាន​សម្រេច​នៅ​ម៉ោង​បន្ថែម​។​
​ ​
​ម៉ូ​ឌ្រី​ក និយាយថា ការបង្ហាញ​សមត្ថភាព​របស់​ក្រុម​ក្រូ​អាស៊ី​គឺជា​ចម្លើយ​ត្រឹមត្រូវ ចំពោះ​ការលើក ឡើង​ថា ក្រុម​ក្រូ​អាស៊ី​ប្រហែលជា​នឿយហត់ ដោយសារតែ​ឆ្លងកាត់​ការលេង​បន្ថែម​ម៉ោង​ពីរ លើក​កន្លងមកហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
​ ​
​ម៉ូ​ឌ្រី​ក បន្តថា “​អ្នកកាសែត​អង់គ្លេស អ្នកវិភាគ​តាម​ទូរទស្សន៍ ពួកគេ​បាន​មើលស្រាល​ក្រុម​ក្រូ​អាស៊ី ហើយ​នោះ​គឺជា​កំហុស​ដ៏​ធំ​។ យើង​ទទួល​ពាក្យ​ទាំងអស់នេះ​ពី​ពួកគេ​។ យើង​អាន ហើយ​យើង និយាយថា អត់​អី​ទេ ថ្ងៃនេះ​យើង​នឹង​ដឹងថា នរណា​នឿយហត់​”​។​
​ ​
​ម៉ូ​ឌ្រី​ក បាន​បន្ថែមថា “​ពួកគេ​គួរតែ​ដាក់ខ្លួន​ជាង​នេះ​និង​គោរព​គូប្រកួត​របស់ខ្លួន​។ ប៉ុន្តែ​យើង​បាន បង្ហាញ​ជាថ្មី​ថា យើង​មិន​នឿយហត់​ទេ​។ យើង​គ្រប់ គ្រង​ការប្រកួត​ទាំង​កម្លាំងកាយ និង​ស្មារតី​”​។​
​ ​
​លោក ស្លាត​កូ ដា​លី​ក (Zlatko Dalic) ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​បាន​គាំទ្រ ការលើកឡើង​របស់ ម៉ូ​ឌ្រី​ក បន្ទាប់ពី​ចប់​ការប្រកួត ហើយ​និយាយថា “​អ្នកជំនាញ​ដែល​គិតថា អង់គ្លេស​នឹង​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មិនមែនជា​អ្នកជំនាញ​ពិតប្រាកដ​ទេ​។ ប្រសិនបើ​ពួកគេ​ជា​អ្នក ជំនាញ​ពិត ពួកគេ​ប្រាកដជា​ដឹងថា ក្រុម​ក្រូ​អាស៊ី​ល្អ​ជាង​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ លូ​កា ម៉ូ​ឌ្រី​ក (Luka Modric)

ទីតាំងផ្សាយពាណិជ្ជកម្ម