ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយក ខេត្តបន្ទាយមានជ័យ ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផល និង​ការពិគ្រោះយោបល់ អំពីការផ្ដល់សេវារដ្ឋបាល និងសម្រុះសម្រួលពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៨ – ២០២២ ។

សិក្ខាសាលានេះ មានរយៈពេល ២ នៅថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាម សមាជិក សមាជិកា មកពី ២៥ រាជធានី ខេត្ត សរុបជិត ៦០០ នាក់ ។

សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា ( Transparency International Cambodia) សហភាពអឺរ៉ុប (EU) អង្គការ Sverige ស៊ុយអែត ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (giz) អង្គការ SDC ស្វីស អង្គការ action aid ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមម្ចាស់ផ្ទះ បានមានប្រសាសន៍ថាៈ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញផ្ទាល់ របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំពោះការងារសន្តិសុខព្រំដែន រដ្ឋបាលខេត្ត រក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោក អ៊ុំ រាត្រី បានបន្តថាៈ បច្ចុប្បន្ន អង្គភាពច្រកចេញចូលតែមួយ កំពុងបំពេញការងារ យ៉ាងសស្រាក់សស្រាំ ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ចំនួន ១៤ វិស័យ រួមបញ្ជូន ទាំងមុខងារផ្ទាល់របស់រដ្ឋបាលខេត្ត ចំនួន ២ វិស័យ និងមុខងារ ដែលទទួលបាន ការធ្វើប្រតិភូកម្ម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ១២ វិស័យ។

ជាលទ្ធផល គិតចាប់ពីត្រីមាសទី១ ឆ្នាំ២០១៨ មកដល់ខែធ្នូ ឆ្នាំ២០២២ ការផ្ដល់សេវា រដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយ មានចំនួន ២១៤.៤៧០ សេវា និងទទួលបានចំណូលសរុប ចំនួន ១៧.៩២៦.០៤៨.៩៨៤ រៀល (ដប់ប្រាំពីរប៊ីលាន ប្រាំបួនរយម្ភៃប្រាំមួយលាន សែសិបប្រាំបីពាន់ ប្រាំបួនរយប៉ែតសិបបួនរៀលគត់) ប្រហែល ៤.៣៧២.២០៧ ដុល្លារអាមេរិក (បួនលាន បីរយចិតសិបពីរពាន់ ពីររយប្រាំពីរ ដុល្លារអាមេរិក។

លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ វគ្គសិក្ខាសាលា ដែលយើងបានធ្វើនាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ជាឱកាសមាស សម្រាប់មន្ត្រីរាជការយើង យកទៅធ្វើការអនុវត្ត ក្នុងន័យបំរើលើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសសេវារដ្ឋបាលថ្នាក់ក្រោមជាតិ ច្រកចេញចូលតែមួយ ។​ ក្នុងនោះរួមមាន សេវាសំខាន់ៗ ដែលប្រជាពលរដ្ឋទូទៅ មកទទួលការផ្ដល់សេវា ដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែថាមពល វប្បធម៌វិចិត្រសិល្បៈ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ អប់រំ យុវជន និងកីឡា សុខាភិបាល សាធារណការ សំណង់ សូរិយោដី និត្យានុកូលកម្ម អត្រានុកូលកម្ម និងការងាររដ្ឋបាល។

លោករដ្ឋលេខាធិការ បានស្នើសុំឱ្យអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្ដាប់អនុសាសន៍ ណែនាំល្អៗ ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័ន និងចូលរួមចែករំលែក បទពិសោធន៍ ឲ្យបានផុលផុស ព្រមទាំងធ្វើការស្វ័យសិក្សាបន្ថែម ដើម្បីប្រែក្លាយគោល ការណ៍ណែនាំទាំងអស់ ទៅជាយន្តការការងារច្បាស់លាស់ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធ ភាព និងគ្រប់ជ្រុងជ្រោយ។

ក្នុងសិក្ខាសាលានោះ មានបទបង្ហាញលើប្រធានបទជាច្រើន ការផ្ដល់សេវារដ្ឋបាល និងសម្រុះសម្រួលពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ថ្នាក់ដឹកនាំ និងមន្ត្រី អ្នកអនុវត្តនានាផងដែរ ៕​ V / N