ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានប្រកាសបើកការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២ជាផ្លូវការនៅថ្ងៃទី ១៦ខែកុម្ភៈនេះនា FFWPU-Cambodia ដោយមានការចូលរួមពិធីពី លោក ប៊ើណាតដឹណូ ជីវីឡាគេនតេ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំអាស៊ីប៉ាស៊ីហ្វិក និងលោក ចំរើន សុផល អនុប្រធានតំណាងឱ្យលោកបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា។
ថ្លែងក្នុងពិធីនេះលោក ចំរើន សុផល បានលើកឡើងថា ប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ ប្រព្រឹត្តិទៅបានក្រោមការប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ នៅ FFWPU-Cambodia ដោយមានកីឡាករ-កីឡាការិនីចូលរូមចំនួន ១៣៥ នាក់ និងគណៈប្រតិភូ ព្រមទំាងគ្រូបង្វឹកចំនួន ២៨នាក់មកពី ១៧ ក្លិប ៤ រាជធានីខេត្តនៅទូទាំងប្រទេស។
លោកបានបន្តថា វិញ្ញាសាប្រកួតមាន បួនធំៗរួមមាន វិញ្ញាសាមេគុន ៖មេគុនឯកត្តជនបុរស និងមេគុនឯកត្តជននារី វិញ្ញាសាសម្តែងបច្ចេកទេសពិសេស(តាមចង្វាក់ភ្លេង)បុរស-នារី និងកុមារ (៣នាក់ ) វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស-នារីរួមមាន វិញ្ញាសានារី ប្រភេទទម្ងន់ ៤៥ គ.ក្រ, ប្រភេទទម្ងន់ ៥០ គ.ក្រ ,ប្រភេទទម្ងន់ ៥៥ គ.ក្រ, ប្រភេទទម្ងន់ ៦០ គ.ក្រ និងប្រភេទទម្ងន់សេរី។
ចំណែកវិញ្ញាសាបុរស ប្រភេទទម្ងន់ ៥៥ គ.ក្រ ប្រភេទទម្ងន់ ៦០ គ.ក្រ ប្រភេទទម្ងន់ ៦៥ គ.ក្រ ប្រភេទទម្ងន់ ៧០ គ.ក្រ និងប្រភេទទម្ងន់សេរី និងវិញ្ញាសាប្រយុទ្ធជាក្រុម -កុមារ អាយុ១៤ឆ្នាំ (៣នាក់)៕សរន / N