ដោយៈវ៉ៃកូ/ស្វាយរៀង៖ មន្ត្រីពន្ធដាខេត្តស្វាយរៀងរួមនិងសមត្ថកិច្ចដែលបានចុះអនុវត្តច្បាប់ដោយតម្រូវគោយន្តកែច្នៃដឹកដីនៅវាលស្រែទៅបង់ពន្ធយានជំនិះប្រចាំឆ្នាំចំនួន ២០ ម៉ឺនរៀលក្នុងមួយគោយន្តគ្រឿង។ក្រោយការត្រួតពិនិត្យនិងតម្រូវនេះពលរដ្ឋបានបង្ហោះតាមបណ្ដាញសង្គម។ករណីនេះកើតឡើងកាលពីនៅថ្ងៃទី១៥ខែកុម្ភៈនៅភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបានលើកឡើងថាគោយន្តកែច្នៃរបស់ពួកគាត់គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីនគោយន្ត(ម៉ាស៊ីនបូមទឹក) មិនមែនជាម៉ាស៊ីនរថយន្តនោះទេ ។ដូច្នេះសូមមន្ត្រីជំនាញពិនិត្យនិងពិចារណាឡើងវិញចំពោះការផាកពិន័យទៅលើគោយន្តរបស់ពួកគាត់ដែលប្រកបរបររកស៊ីដឹកដីបន្តិចបន្តួចគ្រាន់តែចិញ្ចឹមជីវិត។
ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមប្រកាសលេខ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ចំណុច ខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន២០០.០០០រៀល សម្រាប់មួយឆ្នាំ ក្នុងមួយគ្រឿង ។
មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ខែកុម្ភៈកន្លងទៅ ក្រុមការងារចុះពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដងផ្លូវនៅជិតនឹងទីតាំងដែលយានយន្តកែច្នៃនោះ កំពុងចរាចរណ៍និងប្រកបអាជីវកម្ម ហើយបានពិនិត្យឃើញថា មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៃយានជំនិះនៅឡើយ ហើយស្របតាមប្រកាសជាធរមាន ទើបកម្លាំងចម្រុះចុះដល់ទីតាំងដើម្បីណែនាំនិងអញ្ជើញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់នៅតាមគោលដៅដែលបានកំណត់។
មន្ត្រីបានបញ្ជាក់ថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ ។ លើសពីនេះ ក្នុងករណីបើពិនិត្យឃើញថា មន្ត្រីចុះអនុវត្តផ្ទាល់បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដា នឹងចាត់វិធានការយ៉ាងឆាប់រហ័សផងដែរ៕ សរន / N