ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះ បានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋ រស់នៅក្នុងអគារបុរីកីឡា ប្រមាណជាង ១.២០០ គ្រួសារ ទទួលបានកាដូដ៏មានតម្លៃ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺការផ្តល់ ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធ ប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករ ផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់ បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។

ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋ រស់នៅតាម អគារបុរីកីឡា ទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះ បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ត្រឹមតែរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យ នូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារលិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅ តាមអគារបុរីកីឡាទាំង ៨ អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាព សង្គម។

លោក ឃួង ស្រេង បានបន្តថាៈ ការចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការដោះស្រាយ បញ្ហាផលប៉ះពាល់ ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និងជាការធ្វើឱ្យមានភាពច្បាស់លាស់ រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាន នយោបាយ “ឈ្នះ-ឈ្នះរបស់ រាជរដ្ឋាភិបាល លើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះ ទៅទៀតនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិ ជូនបងប្អូន ប្រជាពលរដ្ឋ ចំនួនជាង ១.២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅ រួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារទាំង ៨ នេះ ថែមទៀតផង ។

លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវទទួលប័ណ្ណ កម្មសិទ្ធិ លើចំណែកឯកជន ទាំង ១.៣៩២ បន្ទប់នេះ គឺនៅសល់ ៤៦ បន្ទប់ ដែលមិនទាន់ បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូន ទៅធ្វើនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ដោយមន្ត្រីរបស់យើង នឹងនៅរង់ចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ដែរថាៈ ប្រជាពលរដ្ឋ រស់នៅក្នុង អគារសហកម្មសិទ្ធិបុរីកីឡា ទាំង ៨ អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើប រីករាយក្រៃលែង ដោយទទួលបាននូវ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ នាពេលនេះ ។ នេះជាការខិតខំយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោក បានបន្តថាៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាន នាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ ។ ដូច្នេះសូមបងប្អូន ថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាព ស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះរបស់ បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន តាមតម្រូវការរបស់បងប្អូន ឬធ្វើអំណោយសំរាប់កូនចៅ ទៅថ្ងៃអនាគត ។ V / N