ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សមត្ថកិច្ច នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបន្តប្រកូកប្រកាស រកសាច់ញាតិសព បុរស វ័យចំណាសម្នាក់ ក្រោយពីប្រជាពលរដ្ឋ ប្រទះឃេីញសាកសព មានសភាពស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ នៅចំណុចអូរគាប ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។
លោកវរសេនីយ៍ត្រី រិន ឡឹប នាយប៉ុស្តិ៍ឃុំស្លក្រាម បានឱ្យដឹងថាៈ នៅចន្លោះម៉ោង ១១ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញមានប្រជាពលរដ្ឋ ឈ្មោះ ឡុង គឹមឡាង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនឈ្នួលដាំបាយ ឱ្យតៃកុងអេស្កាវ៉ាទ័រ របស់ឈ្មោះ ព្លេន សាលឿន បានប្រទះឃើញមនុស្សស្លាប់ម្នាក់ មានសភាពរលេះរលួយនៅចំណុច ដូចខាងលើ។
ដោយប្រកាសផ្សាយរកសាច់ញាតិ នគរបាល បានបញ្ជាក់ភិនភាគថាៈ ” សពមានភេទ ប្រុស អាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ ស្លៀកខោកីឡា ពណ៌ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូ ពណ៌ស-ខ្មៅ”។
ប្រភពដដែល បានបញ្ជាក់ថាៈ តមក អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បានបង្កើត គណៈកម្មការ ត្រួតពិនិត្យសាកសពហើយសន្និដ្ឋានថា សពអាចស្លាប់ដោយសារដាច់ បាយដាច់ទឹក ដោយគ្មាននរណាដឹង ហើយស្ថិតក្រោមកំដៅថ្ងៃ នាពេលថ្ងៃ និងសន្សើម នាពេលយប់ រហូតដល់ស្លាប់ ៕ V / N