ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: នៅថ្ងៃទី១៦ កុម្ភ: ម្សិលមិញនេះ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (Camsoc) បានប្រជុំ ដើម្បីពិនិត្យពីដំណើរការ រៀបចំពិធីរត់ភ្លើងគុបស៊ីហ្គេម ជុំវិញបឹងទន្លេសាប និងបណ្ដាប្រទេសអាស៊ាន ដោយមានការចូលរួមពីលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ Camsoc ។
កិច្ចប្រជុំ បានផ្តោតសំខាន់ លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពីផែនការ វិធីសាស្ត្ររៀបចំ និងគោលការណ៍ផ្សេងៗ ត្រូវបានសម្រេចរួចរាល់។កិច្ចប្រជុំនេះ គឺដើម្បីបែងចែកភារកិច្ច ឲ្យបានច្បាស់លាស់ រវាងគណ:កម្មការជំនាញ និង Camsoc ត្រូវធ្វើអ្វី? ហើយខេត្តពាក់ព័ន្ធ ត្រូវធ្វើអ្វី?។
លោក ថោង ខុន បានផ្ដល់នូវកាតព្វកិច្ច និងភារកិច្ច ដែលខេត្ត ត្រូវធ្វើដោយជាក់លាក់ និងដាក់ចេញ នូវយន្តការទទួលខុសត្រូវខ្ពស់ ពីថ្នាក់អភិបាលខេត្ត ដែលជាអនុប្រធាន Camsoc ដោយមានការសហការគ្នា ឲ្យបានល្អ ពីគ្រប់ភាគីពាក់ព័ន្ធ។ ខេត្តត្រូវរៀបចំធនធានមនុស្ស ដែលត្រូវធ្វើការរៀបចំ និងដង្ហែភ្លើងគុប។ ការដង្ហែ ភ្លើងគុបនៅខេត្តនីមួយៗ នៅជុំវិញបឹងទន្លេសាប ត្រូវមានការចូលរួមរត់ពីថ្នាក់ដឹកនាំខេត្ត និងកីឡាករ កីឡាការិនីឆ្នើមទាំងពិការ និងមិនពិការ។ ជាមួយគ្នានេះ ត្រូវរៀបចំការបំផុសមហាជន មកអបអរសាទរក៏ដូចជា ការរៀបចំវេទិកា ដើម្បីទទួលបដិសណ្ឋារកិច្ច ក្នុងការទទួល ដើម្បីរត់បន្តក៏ដូចជា ការថែរក្សាភ្លើងគុប ឲ្យបានត្រឹមត្រូវ។
ការរត់ភ្លើងគុប ជុំវិញបឹងទន្លេសាបនេះ នឹងត្រូវចេញដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ខេត្តកណ្ដាល និងចុងក្រោយចូលពហុកីឡដ្ឋានជាតិមរតកតេជោ៕/V/R