ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលា វគ្គរៀបចំផែនការយុទ្ធសាស្ត្រ ស្វែងរកឧត្តមភាព ក្នុងការចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដល់អគ្គលេខាធិការ ឬតំណាងសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកជម្រើសជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថាៈ សិក្ខាសាលា ស្តីពីវគ្ញរៀបចំផែនការយុទ្ធសាស្ត្រស្វែងរកឧត្តមភាពការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រយៈពេល ៣ ថ្ងៃ ដោយមានសិក្ខាកាម ចូលរួមជាអគ្គលេខាធិការ អគ្គលេខាធិការរង និងគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ចំនួន១៤៩នាក់ លើ៤២ ប្រភេទកីឡា និងក្រុមកីឡាជនពិការ មាន ១៣ ប្រភេទកីឡា បានប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ។
សិក្ខាកាមទាំងអស់ បានយកចិត្តទុកដាក់ ស្តាប់ និងយល់ដឹង ស្គាល់អំពីតួនាទី ភារកិច្ចក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីរៀបបចំយុទ្ធសាស្ត្រយកប្រៀប ដណ្តើមមេដាយ ក្នុងការចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ គោរពការចាត់តាំង គោរពវិន័យ សេចក្តីថ្លៃថ្នូរ និងនាំមកនូវជ័យជំនះ ពេលនោះ ទង់ជាតិរបស់យើង ត្រូវគេបង្ហូតឡើង ហើយត្រូវបានគេគោរព នោះហើយ គឺជាមោទនភាពរបស់ជាតិយើង។
លោកបានបន្តថាៈ ក្នុងនាមគណៈកម្មការគ្រប់គ្រងវគ្គ លោកបានវាយតម្លៃខ្ពស់ ចំពោះ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលា ធ្វើឲ្យវគ្គនេះ ទទួលបានជោគជ័យ ជាទីមោទនៈ។
សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ៨៨ នាក់ស្មើនឹង៥០ ភាគរយ និទ្ទេសល្អបង្គួរចំនួន ៥៣នាក់ ស្មើនឹង ៣០ ភាគរយ និទ្ទេសមធ្យមចំនួន ២០ នាក់ ស្មើនឹង ១១ ភាគរយ និងនិទ្ទេសខ្សោយ ចំនួន ១៥ នាក់ ស្មើនឹង ៩ ភាគរយ៕/V/R