ដោយៈសុក្ខារិន / ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាល័យពោធិ៍សាត់ មានធ្វើពិធីប្រគល់រង្វាន់ជូនដល់សិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និទ្ទេស A.B.C. ចំនួន ៦៥ នាក់ ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា បានមានប្រសាសន៍ថាៈ ធនាគារហត្ថា ដែលរៀបចំពិធីនេះឡើង ដើម្បីចូលរួមលើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែង រៀនសូត្ររហូតទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលថ្មីៗនេះ។
លោកបានឲ្យដឹងទៀតថាៈ ធនាគារហត្ថា បានក្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត មកជាធនាគារពាណិជ្ជជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ជិត ៣០ ឆ្នាំ។
កន្លងមកនេះ ធនាគារហត្ថា បានផ្តល់សេវាហិរញ្ញវត្ថុ យ៉ាងច្រើនសម្បូរបែប ដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
លោក ងួន ប៉ោសេង អភិបាលរង ខេត្តពោធិសាត់ បានមានប្រសាសន៍ថាៈ កម្មវិធីថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់ ធនាគារហត្ថា ចំពោះវិស័យអប់រំ ក្នុងន័យកសាងធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅរកការបន្តអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនទៅមុខ ឥតឈប់ឈរ។
តាមរយៈកម្មវិធី «ប្រគល់រង្វាន់របស់ធនាគារហត្ថា ជូនដល់សិស្សវិទ្យាល័យពោធិ៍សាត់ ដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B និង C» នាថ្ងៃនេះ គឺជាសារដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស ជំនាន់ក្រោយ ឱ្យព្យាយាមខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរបស់ខ្លួន ដើម្បីក្លាយជាបញ្ញវ័ន្តដ៏មានតម្លៃ និងប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការបន្តវេនកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឱ្យថ្កុំថ្កើងជានិរន្តរ៍។
លោកបានផ្ដាំផ្ញើដល់សិស្សានុសិស្ស ដែលជាប់និទ្ទេស A B C ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត នៅឧត្តមសិក្សា ដើម្បីទទួលបានជំនាញណាមួយ សម្រាប់ថ្ងៃអនាគតរបស់ខ្លួន។
ចំណែកប្អូនៗថ្នាក់ទី១២ ដែលត្រូវប្រលងឆ្នាំនេះ ត្រូវមើលរៀមច្បងជាគម្រូ ត្រូវខិតខំសិក្សាពីដើមទី កុំធ្វេសប្រហែសឲ្យសោះ ដើម្បីទទួលបាននិទ្ទេសល្អ ដូចរៀមច្បង។
សូមបញ្ជាក់ថា សិស្សទាំង ៦៥ នាក់ ដែលទទួលរង្វាន់លើកទឹកចិត្ត ពីធនាគាហត្ថា នាពេលនេះ ក្នុងនោះរួមមាន សិស្សនិទ្ទេស A ចំនួន៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង ថវិកា ១លានរៀល, សិស្សនិទ្ទេស B ចំនួន១៤នាក់ ម្នាក់ៗទទួលបានថវិកា ១លានរៀល និងសិស្សនិទ្ទេស C ចំនួន៤៤នាក់ ម្នាក់ៗ ទទួលបានថវិកា ៤០ ម៉ឺនរៀល។
ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូ ប្រមាណជាង ១០០ នាក់ ក៏ទទួលបានអំណោយជាថវិកាក្នុងម្នាក់ៗ ៥ ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍ពីធនាគារហត្ថា។
លើសពីនេះទៀត ធនាគារហត្ថា បានប្រគល់បង់អង្គុយចំនួន ២៥ ដល់វិទ្យាល័យពោធិ៍សាត់, បង់ចំនួន៥ ប្រគល់ជូនការិយាល័យអប់រំ យុវជន និងកីទ្បាក្រុងពោធិ៍សាត់ និងបង់ចំនួន ៥ ទៀត ប្រគល់ជូនសាលាបឋមសិក្សាពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ ៕/V/R