ដោយៈ ភ្នំស្វាយ / ដុងថាប់-វៀតណាមៈ សួនបង្កាត់ផ្កា និងដើមឈើបូជាទួសាំ ស្ថិតនៅលើដីសណ្តទន្លេមេគង្គ នាក្រុងសាដែក (អតីតខេត្តផ្សារដែក) ខេត្តដុងថាប់ ។
សួននេះ បានផ្សាំ បង្កាត់ផ្កា និងដើមឈើ ដោយបញ្ចូលសន្លឹកមាស ទទួលបានពានរង្វាន់ថ្នាក់ខេត្ត ថ្នាក់ជាតិ និងពី Asia Book Records Viet King , ពី World Records Union World Kings NewDelhi,India , ពី World Record University ជាដើម ហើយ វាក៏រឹតតែល្បីឈ្មោះបោះសម្លេង និងទទួលបានជោគជ័យ លើការធ្វើទីផ្សារ (Marketing) ជំរុញការលក់ (Promotion) ហើយទទួលបានការគាំទ្រពីអតិថិជន ។
លោក វ៉ូ យឹកយ៉ុង (Vu Duc Dong) ជាម្ចាស់សួនទួសាំ នេះ បានជម្រាប់ភ្ញៀវពិសេស ដែលជាប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តព្រៃវែង នាពេលកន្លងមកថាៈការដែលសួនបង្កាត់ ផ្សាំផ្ការបស់លោក ទទួលពានរង្វាន់ជាច្រើនបែបនេះ ដោយសារតែក្រុមបច្ចេកទេសរបស់លោក ដាំ បង្កាត់ឈើសក្ការ: និងផ្កា មានអាយុរយ ឬកៀកពាន់ឆ្នាំ ហើយអាចបញ្ចូលមាស ឬវត្ថុមានតម្លៃរបស់ភ្ញៀវទៅក្នុងដើមឈើ ដែលគេមានជំនឿថា យកទៅដាំតាំងលម្អក្នុងលំនៅឋាន ទីកន្លែងគោរព និងទីកន្លែងអាជីវកម្ម ឬក្រុមហ៊ុន ឱ្យបានសេចក្តីសុខ សម្បូរសប្បាយ ចំណេញសល់ផល ។
មន្ត្រីជំនាញកសិកម្ម ក៏ដូចជាវប្បធម៌ ពីមន្ទីរកសិកម្ម និងពីខេត្តព្រៃវែង បានចាប់អារម្មណ៍ថាៈ អ្នកជំនាញ និងអ្នកជំនួញកម្ពុជា ដែលមានឧបនិស្ស័យ ហើយមានការសិក្សាស្រាវជ្រាវបន្ថែម និងមានភាពប៉ិនប្រសប់ខាងបង្កាត់ ផ្សាំ ច្នៃប្រឌិត អាចបង្កើតផិតផលរុក្ខជាតិ ច្នៃបង្កើតបែបនេះ បានដូចម្ចាស់សួនទួសាំ របស់ក្រុងសាដែកនេះដែរ។
មន្ត្រី បានបន្តថាៈ ប៉ុន្តែមុននឹងសម្រេចចិត្តចុះទុនប្រកបរបរនេះ គេត្រូវតែសិក្សាស្រាវជ្រាវទីផ្សារបឋម រកគោលដៅទីផ្សារថា តើអតិថិជន ស្គាល់ចរឹតលក្ខណ: និងតម្រូវការរបស់អតិថិជន ពោលគឺ ផលប្រយោជន៍ នៃតម្រូវការរបស់ផលិតផលនេះ ជាមុនសិន ។ ក្នុងនោះដែរ ក្នុងសួន ត្រូវតែបង្កើតឡើងនូវផលិតផល និងការទាក់ទាញជាចម្រុះ ដូចសួនទួសាំនោះដែរ មានដូចជា ការបង្កាត់ដើមឈើនិងផ្កាធំៗ ចំណាស់ ហើយបញ្ចូលមាសទៅក្នុងដើមវា, មានដាំផ្កាចម្រុះ, មានការតាំងលម្អ បង្កើតការទាក់ទាញជូនកំសាន្ត មានសេវាលក់ផលិតផលអនុស្សាវរីយ៍ ចំណីអាហារ ភេសជ្ជៈ សេវាអនាម័យ ជាដើម។
សូមរំលឹកថា ក្រុងសាដែក ជាក្រុងមួយក្នុងចំណោមស្រុក ៩ (តិនហុង កៅឡាញ់ ចូវថាញ់ ឡាយវឹង ចាប់វ៉ូ ឡាបមឺយ ឡាប់ម៉ឺយ តាំណង ថាញ់ប៊ិញ និងក្រុង៣(កៅឡាញ់ ជាទីរួមខេត្តសាដែក និងហុងងឺ ។
ខេត្តដុងថាប់ មានផ្ទៃដី ៣.៣៨៣,៨ គីឡូម៉ែត្រក្រឡា មានពលរដ្ឋ ត្រឹមឆ្នាំ២០២១ មាន ១,៨ លាននាក់ ឬដង់ស៊ីតេ ៥៣០នាក់ / គីឡូម៉ែត្រក្រឡា ។ វាស្ថិតនៅលើផ្ទៃទឹក និងមាត់ទន្លេមេគង្គ (អ្នកស្រុកហៅទន្លេតៀន ដែលនាំដីល្បប់ដ៏មានជីរជាតិហូរចាក់មក។ នៅទីនោះ ប្រជាជន ភាគច្រើន ប្រកបរបរនេសាទ ចិញ្ចឹមត្រី បង្គា ដាំ បង្កាត់ផ្កា ដើមឈើ ដាំដំណាំបន្លែ ឈើហូបផ្លែ ដំណាំស្រូវ សួននិងរមណីយដ្ឋាន អាហាដ្ឋានជាដើម ។
ក្នុងនោះ ភ្ញៀវក៏ចូលចិត្តទៅទស្សនាផ្កាចម្រុះ ការសម្តែងរបស់ត្រីរ៉ស់ចិញ្ចឹម នៅរមណីយដ្ឋានទេសចរណ៍សួនផ្កាចម្រុះ យុងសុងហាវ -សាដែក ក្រុងសាដែក ។
ការចូលទស្សនា និងគោរពបូជា នៅរមណីយដ្ឋានប្រត្តិសាស្ត្រ នៃទីស្នាក់នៅ កន្លែងព្យាបាលជំងឺជូនអ្នកស្រុក កន្លែងលាក់ទ័ពតស៊ូប្រឆាំងអាណានិគមនិយមបារាំង និងក៏ជាទីបញ្ចុះសពលោក ង្វៀង ស៊ិនសាក់ ឪពុករបស់លោក ង្វៀន អាយគួក ឬ ហូជីមិញ ) ផងដែរ ។ តំបន់ប្រវត្តិសាស្ត្រនេះ មានទំហំ ៧ ហិកតា ស្ថិតនៅក្រុងកៅឡាញ់ (ទីរួមខេត្ត) ខេត្តដុងថាប់ ហើយក៏អាចទស្សនាសួនផ្កា និងឈើលំអនៅកណ្តាលក្រុងកៅឡាញ់ ,ទស្សនាប្រាសាទ បុរាណខ្មែរ សម័យកំពង់ផែអូរកែវ (ស.វទី១-៦ ) ជាដើម ។
សូមរំលឹកថា កន្លងមកនេះ គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងគណ:ប្រតិភូរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត អញ្ជើញទស្សនារមណីយដ្ឋានទេសចរណ៍ និងប្រវត្តិសាស្ត្រ ដូចខាងលើ ៕/V/R