ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner​បាន​រិះគន់ “​ការិយាធិបតេយ្យ​ដ៏​មហិមា​” របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​ប្រៀប​ឈ្នះ​ខាង​យោធា​ដ៏​យឺតយ៉ាវ ដោយ​និយាយថា វា​អាច​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​ដណ្តើម​យក​ទីក្រុង​បា​ឃ្មុត (Bakhmut) នៅ​អ៊ុ​យក្រែន​។​

​រុស្ស៊ី​បាន​ព្យាយាម​ឡោមព័ទ្ធ​និង​ដណ្តើម​យក​ទីក្រុង​នេះ​មុន​ថ្ងៃទី ២៤ ខែ​កុម្ភៈ ដែល​ជា​ខួប​លើក​ទី​មួយ​នៃ​ការ​លុកលុយ​របស់ខ្លួន ប៉ុន្តែ​សាកសព​របស់​កងកម្លាំង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​គេ​និយាយ​ថា​កំពុង​គ​រលើ​គ្នា​នៅ​ក្នុង​លេណដ្ឋាន ខណៈ​កងទ័ព​របស់​គាត់​នៅតែ​បន្ត​តស៊ូ​។​

​លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ជា​ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner​ដ៏​ល្បី​អ​សោច បាន​និយាយ​វាយប្រហារ​យោធា​រុស្ស៊ី ចំពោះ​ការប្រឹងប្រែង​យឺតយ៉ាវ​ដើម្បី​ដណ្តើម​យក​ទីក្រុង​បា​ឃ្មុត​មកវិញ ដោយ​លើក​ហេតុផល​ថា​ទីក្រុង​នេះ​គួរតែ​ដណ្តើមបាន​ពី​អ៊ុយ​ក្រែន​រួចហើយ​។​

​លោក​បាន​និយាយ​ក្នុង​សារ​ជា​បន្តបន្ទាប់​តាម​អន​ឡាញ​ថា “​ខ្ញុំ​គិតថា​វា​នឹង​កើត​ឡើង​ក្នុង​ខែ​មីនា​ឬ​ខែ​មេសា​។ ដើម្បី​យក​ទីក្រុង​បា​ឃ្មុត អ្នក​ត្រូវ​តែ​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ទាំងអស់​។ វា​ជា​កិច្ចការ​សំខាន់​។ វឌ្ឍនភាព​មិនលឿន​ដូចដែល​យើង​ចង់បាន​នោះទេ​”​។​

“​ទីក្រុង​បា​ឃ្មុត​គួរតែអាច​ដណ្តើមបាន​នៅ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ បើ​កុំ​តែ​មាន​ការិយាធិបតេយ្យ​យោធា​ដ៏​មហិមា​របស់​យើង​ទេ​នោះ​”​។​

​លោក​បាន​បន្ថែមថា “​ព្រោះ​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​។ តាមមើល វា​ក៏​នឹង​អាស្រ័យ​លើ​ថា​តើ​យើង​បន្ត​យឺតយ៉ាវ​បែប​នេះ​ទៀត​ឬ​អត់​នោះដែរ​”​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​ធ្លាប់​បាន​ចោទប្រកាន់យោ​ធារុ​ស្ស៊ី​ថា​បាន​ប៉ុនប៉ង​លួច​យក​ជ័យជម្នះ​ពី​ក្រុមហ៊ុន Wagner ដែល​ជា​សញ្ញា​នៃ​ឥទ្ធិពល​កំពុង​កើន​ឡើង​របស់​គាត់ និង​សក្តានុពល​នៃ​ការ​ប្រេះឆា​ដ៏​គ្រោះថ្នាក់​នៅ​ទីក្រុង​មូ​ស្គូ​។​

​ការអះអាង​របស់​ក្រុមហ៊ុន Wagner ថា​បាន​ដណ្តើម​បាន​ទឹកដី ដោយ​គ្មាន​ជំនួយ​ពី​កងទ័ព​ធម្មតា ដែល​លោកព្រី​ហ្គោ​ហ្ស៊ី​ន​តែង​រិះគន់​ជាប្រចាំ​នោះ បាន​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​ជាមួយ​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​។​

​នៅ​ទីក្រុង​បា​ឃ្មុត មេបញ្ជាការរង​ម្នាក់ ដែល​មាន​អង្គភាព​កាំភ្លើងត្បាល់​មក​ពី​ឆ្មាំ​ព្រំដែន​រដ្ឋ​អ៊ុ​យក្រែន បាន​និយាយថា ការប្រយុទ្ធ​នៅតែ​មាន​សភាព​ខ្លាំងក្លា​។​

​លោក​បាន​កត់សម្គាល់​ថា “​យើង​ត្រូវ​ទទួលស្គាល់​ជោគជ័យ​របស់​សត្រូវ​។ មាន​កងទ័ព​រុស្ស៊ី​ធម្មតា​នៅ​ទីនេះ ហើយ​ពួកគេ​ក៏​មាន​ក្រុម​កាំភ្លើង​ធំ​ធម្មតា​ដែរ ហើយ​ពួកគេ​បាញ់​បាន​ច្បាស់ៗ​ណាស់​”​។​

​ភាគច្រើន​នៃ​ប្រជាជន​មុន​សង្គ្រាម ៧០.០០០ នាក់​របស់​ទីក្រុង​នេះ​បាន​ចាកចេញ ដោយ​ទុក​ឱ្យ​ទាហាន​អ៊ុយ​ក្រែន​ជីក​លេណដ្ឋាន​រឹងមាំ​។​

​លោក ថា​រ៉ា​ស ឌី​ហ្ស៊ី​អូបា (Taras Dzioba) មន្ត្រី​នាំពាក្យ​នៃ​កងពល​តូច​ទ័ពអាកាស​លេខ ៨០ របស់​អ៊ុ​យក្រែន បាន​និយាយថា “​ពួកគេ [​រុស្ស៊ី​] កំពុង​បញ្ជូន​កងទ័ព​យ៉ាងច្រើន​។ ខ្ញុំ​គិតថា វា​មិន​មាន​និរន្តរភាព​សម្រាប់​ពួកគេ​ក្នុង​ការបន្ត​វាយប្រហារ​បែបនេះ​ទេ​”​។​

“​មាន​កន្លែង​ជាច្រើន ដែល​សាកសព​របស់​ពួកគេ គរ​ជើង​លើ​គ្នា​។ មាន​លេណដ្ឋាន​មួយ ដែល​…​ពួកគេ​មិន​បាន​ជម្លៀស​អ្នករបួស​ឬ​អ្នកស្លាប់​បានទេ​”៕

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​រិះគន់​ការិយាធិបតេយ្យ​ដ៏​មហិមា​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការដណ្តើម​ជ័យជម្នះ​លើ​ទីក្រុង​បា​ឃ្មុត