ដោយៈ សុខុម / ស្ទឹងត្រែងៈ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំ ក្រុមជំនាញបច្ចេកទេស របស់ក្រុមហ៊ុន FSDI ប្រទេសចិន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានចុះសិក្សាពីស្ថានភាពជាក់ស្តែង លើកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចអូរច្រឡង់ ព្រំប្រទល់ខេត្តក្រចេះ ដល់ច្រកព្រំដែនត្រពាំងគ្រៀល ព្រំប្រទល់ប្រទេសឡាវ។

កំណា់តផ្លូវមួយខ្សែនេះ បានទទួលរងការខូចខាត និងជួសជុលថែទាំ ដោយមន្ទីរសា ធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង កន្លងមក។ កំណាត់ផ្លូវនេះ មានប្រវែង ៨៤,៤៣ គីឡូម៉ែត្រ ហើយក្រសួង និងក្រុមហ៊ុន ចុះពិនិត្យដើម្បីស្តារ និងជួសជុលឡើងវិញ។

ក្រោយពីចុះពិនិត្យកន្លងទៅ មួយថ្ងៃ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង លោក លឹម ស៊ីដេនីន បានលើកឡើងថាៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យពិភាក្សា អំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវ ជាតិលេខ៧ គិតចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារ អន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ដែលមានប្រវែងសរុប ៩៦,៦៣ គីឡូម៉ែត្រ ដើម្បីជួសជុល ក្រោមជំនួយឥតសំណង ពីសាធារណរដ្ឋប្រជាមានិត ចិន ឆាប់ៗខាងមុខនេះ។

លោក លីម ស៊ីដេនីន បានបន្តថាៈ មុនធ្វើការជួសជុលផ្លូវខូច ក្រសួងបានដាក់ការដេញថ្លៃ ដើម្បីជួសជុលផ្លូវជាតិលេខ៧នេះ។ ដោយឡែក ក្រុមហ៊ុនចិន ដែលបានចុះមកសិក្សា នាពេលនេះ ដឹកនាំដោយលោក Li Xiangming តំណាងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd ដើម្បីពិនិត្យមើលជាក់ស្តែង ពីស្ថានភាពផ្លូវជាតិលេខ៧ ជាមុនសិន មុនពេលចាប់ផ្ដើម ជួសជុល។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បាននិយាយថាៈ ផ្លូវជាតិលេខ៧នេះ ពិតជាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង ព្រោះផ្លូវនេះ ជាផ្លូវដែលតភ្ជាប់ខេត្តស្ទឹងត្រែង ទៅកាន់ព្រំដែនកម្ពុជា-ឡាវ តាមរយៈច្រកព្រំដែនអន្តរជាតិ ត្រពាងក្រៀល។ ម៉្យាងទៀត ផ្លូវនេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់នឹងទីប្រជុំជន និងដឹកអាចដឹកកសិផលនានាដោះដូរ​ដើម្បីជីវភាព៕ V / N