ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​អបអរ​«​អព្ភូត​ហេតុ​»​នៃ​ការបញ្ចប់​គោលការណ៍​សូន្យ​កូវី​ដ​របស់​ប្រទេស​ដើម្បី​ងាក​ចេញពី​វិធានការ​គ្រប់គ្រង​កូវី​ដ​១៩​ដ៏​តឹងតែង​ថា​ជា​«​ជោគជ័យ​ធំ​»​មួ​យ​និង​ជា​«​ភាពត្រឹមត្រូវ​ទាំងស្រុង​» នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​។​

​សូមបញ្ជាក់ថា ការឆ្លង​ពាសវាល​ពាសកាល​ដល់​ទៅ​រាប់លាន​នាក់​នៅក្នុង​ប្រទេស​មានប្រ​ជា​ជនច្រើន​បំផុត​ក្នុង​លោក​នេះ​បាន​កើតឡើង​ភ្លាម​ក្រោយពី​អាជ្ញាធរ​លុបចោល​គោលការណ៍​សូន្យ​កូវី​ដ​កាលពី​ចុងឆ្នាំ​២០២២​។​វា​នាំ​អោយ​បណ្តា​មន្ទីរពេទ្យជោរជ​ន់​ដោយ​អ្នកជំងឺ​ក្តៅខ្លួន​និង​កន្លែង​តម្កល់​និង​បូជ្ញា​សព​ពោរពេញ​ដោយ​សាកសព​អ្នកជំងឺ​។​

​ទំហំ​នៃ​ការផ្ទុះ​ជំងឺ​ពេល​នោះ​ពិបាក​វាយ​តំលៃ តែ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ជាង​២០០​លាន​នាក់​បាន​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ រួម​មាន​អ្នកជំងឺ​ធ្ងន់​ប្រមាណ​៨០០.០០០​នាក់ តែ​ស្ថានភាព​ឥឡូវ​បាន​គ្រាន់បើ​ជាទូទៅ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​មាន​សញ្ញា​ថា រលក​នៃ​ការ​ឆ្លងកូវី​ដ​១៩​នៅ​ចិន​នៅ​ទីបំផុត​បាន​ថយចុះខ្លាំង ដោយ​ការិយាល័យ​ក​គ្រប់គ្រង​ជំងឺ​របស់​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​នៅ​តាម​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​៩៨​ភាគរយ​គិត​ចាប់តាំងពី​ដើម​ខែ​មករា​។​

​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយកាលពី​ថ្ងៃ​១៦​កុម្ភៈ​ បានបញ្ជាក់​អះអាង​ថាចិន​«​បង្កើត​អព្ភូតហេតុ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អរិយធម៌​មនុស្ស ដែល​ប្រទេស​មួយ​មាន​ប្រជាជន​ច្រើន​បាន​ងើបចេញផុត​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​ដោយ​ជោគជ័យ​»​។​

​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​និយាយថា​«​ក្នុង​រយៈពេល​ដ៏​ខ្លី យើង​សំរេចបាន​អន្តរកាល​ដ៏​រលូន​មួយ​នៅក្នុង​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​។​គោលនយោបាយ​របស់​បក្ស​ក្នុង​ការដូរ​វិធី​សាស្ត្រគ្រប់​គ្រង​ជំងឺ​មាន”ភាព​ត្រឹមត្រូវ​ទាំងស្រុង​” ។​វិធានការ​នេះ​រឹងមាំ ដោយ​មាន​ការគាំទ្រ​ពី​មហាជន​និង​លទ្ធផល​ធំធេង​»៕

​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​នៅ​តាម​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ស្ទើរ​១០០​ភាគរយ​ក្រោយ​ចិន​ដូរ​វិធីសាស្ត្រ​គ្រប់គ្រង​ជំងឺ​