ដោយៈ ប.ខុន / ភ្នំពេញៈ នៅក្នុងរយៈពេលជាង ១០ ឆ្នាំ ចុងក្រោយនេះ ក្រសួងអភិវឌ្ឍន៍ជនបទ កែលម្អផ្លូវជនបទ ពីផ្លូវដី ទៅជាប្រភេទផ្លូវក្រាសកៅស៊ូ ពីរជាន់ (BDST) និង ផ្លូវបេតុង បានប្រវែងសរុប ២.៧៥៥ គីឡូម៉ែត្រ តាមរយៈគម្រោងកែលម្អ ផ្លូវជនបទ ជំហានទី១ និងជំហានទី២ បានបញ្ចប់ហើយ និងគម្រោងជំហានទី៣ បាននឹងកំពុងអនុវត្ត ធ្វើឲ្យកាន់តែប្រសើរឡើង នូវការតភ្ជាប់បណ្តាញផ្លូវគមនាគមន៍ នៅជនបទ ដែលជាការរួមចំណែក លើកកម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជន និងការកាត់បន្ថយភាពក្រី នៅកម្ពុជា។
លោកបណ្ឌិត ចាន់ ដារ៉ុង អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងកែលម្អផ្លូវជនបទ ពីផ្លូវដី ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរជាន់ (BDST) និងផ្លូវបេតុង នៅក្នុងជំហានទី៣ (Rural Roads Improvement Project III) មានប្រវែងសរុប ៧២៥ គីឡូម៉ែត្រ ដែលបានចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០១៧ និងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៤ លើខេត្តគោលដៅ ចំនួន១០ ពេលនេះ (១៧កុម្ភៈ) គម្រោងដែលអនុវត្ត ដោយឥណទាន របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ភាគច្រើន ជិតរួចរាល់ តែគម្រោងប្រើប្រាស់ឥណទាន របស់កូរ៉េ យឺតបន្តិច តែវានឹងរួចរាល់ តាមការគ្រោងទុក។
លោក ចាន់ ដារ៉ុង បាននិយាយឱ្យដឹងទៀតថាៈ គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ សំដៅកែលម្អផ្លូវជនបទ ប្រវែង ៧២៥ គីឡូម៉ែត្រ ទៅជាប្រភេទផ្លូវ ក្រាលកៅស៊ូ ពីរជាន់ (BDST) និងជាផ្លូវបេតុង នៅក្នុងខេត្តគោលដៅ ចំនួន១០ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត និងខេត្តកណ្តាល។ គម្រោងនេះ ប្រើរយៈពេល ៧ ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ ក្រោមទំហំ ថវិកាប៉ាន់ស្មាន សរុបចំនួន ១៣៣.៥៧៤ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងឥណទានសម្បទាន របស់ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank)។
គម្រោងខាងលើនេះ បណ្ឌិត ចាន់ ដារ៉ុង បានបញ្ជាក់ថាៈ ចែកចេញជាពីរផ្នែក គឺផ្នែកទី១ អនុវត្តក្រោមហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយកែលម្អផ្លូវជនបទ ប្រវែង ៣៦០ គីឡូម៉ែត្រ ទៅជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ (BDST) និងផ្លូវបេតុង ក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង និង ខេត្តក្រចេះ ដែលមកដល់ពេលនេះ សម្រេចបានលទ្ធផលការងារ ៨៩,៧០ ភាគរយ និងគ្រោងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ផ្នែកទី២ អនុវត្តក្រោម ឥណទានសម្បទាន របស់ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea
Eximbank) ដោយកែលម្អផ្លូវជនបទ ប្រវែង ៣៦៥ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត និងខេត្តកណ្តាល។ វឌ្ឍនភាព ការងារគម្រោង ទើបសម្រេចបាន ២៣,៦៤ ភាគរយ និងគ្រោងបញ្ចប់សកម្មភាពស្ថាបនា ផ្លូវទាំងស្រុង នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។ តាមរយៈការអនុវត្តគម្រោងខាងលើ នឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវការតភ្ជាប់បណ្តាញផ្លូវនៅជនបទ បានរួមចំណែកលើក កម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជន និងការកាត់បន្ថយភាពក្រី នៅកម្ពុជា។
លោក ចាន់ ដារ៉ុង បានរំលឹកឱ្យដឹងផងដែរថាៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើម លើកគម្រោងកែលម្អផ្លូវជនបទ នៅឆ្នាំ២០១០ ដោយនៅជំហានទី១ អនុវត្តនៅលើផ្លូវ ប្រវែង ៧៥៥ គីឡូម៉ែត្រ ជំហានទី២ នៅលើផ្លូវប្រវែង ១.២៧៥ គីឡូម៉ែត្រ ដោយជំហាន ទាំង២ បានបញ្ចប់ហើយ និងជំហានទី៣ កំពុងអនុវត្តនៅលើផ្លូវ ប្រវែង ៧២៥ គីឡូម៉ែត្រ សរុបរយៈពេល ១៣ ឆ្នាំ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការកែលម្អផ្លូវជនបទ ពីផ្លូវដីទៅជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ (BDST) និងផ្លូវបេតុង បានប្រវែងសរុប ប្រមាណជា ២.៧៥៥ គីឡូម៉ែត្រ៕ V / N