ដោយៈ សុផល / ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាលខេត្ដកំពត បានមានប្រសាសន៍ ឲ្យដឹងថាៈ ខេត្តកំពត កំពុងដំណើរការស្ថាបនាកំពង់ផែ កម្រិតអន្តរជាតិ ដែលមាន សមត្ថភាពអាច​ឲ្យនាវាផ្ទុកទំទិញ រហូតដល់ ១៥ ម៉ឺនតោន ចូលចតបាន។

លោកបានថ្លែងឱ្យដឹងដូច្នេះ ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំ ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

លោកអភិបាលខេត្ត បានបន្តថា៖ កំពង់ផែនេះ ក្រោយពេលសាងសង់រួច នឹងក្លាយជា កំពង់ផែ ដែលមានចំណុះធំ សម្រាប់ប្រទេសកម្ពុជា ដែលមានសក្ដានុពល ជំរុញឲ្យ ខេត្តកំពត កាន់តែមានការអភិវឌ្ឍ ហើយជីវភាព និង GDP បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពត ក៏កាន់តែខ្ពស់។ GDP នៅខេត្ដកំពត ស្មើនឹងម្នាក់ ១.៨១៥ ដុល្លារ ហើយស្ថានភាពជីវភាព ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពត គឺស្ថានភាពជីវភាព មាន៣ ៖ តំបន់ភ្នំ, ទំនាបកណ្ដាល និងតំបន់ឆ្នេរ ។

លោកបានបញ្ជាក់បន្ថែមថាៈ នៅពេលដែលស្ថាបនារួច ខេត្តកំពត នឹងកាន់តែផុលផុស ដោយសកម្មភាពសេដ្ឋកិច្ច ហើយនឹងមានការអភិវឌ្ឍ ជាងបច្ចុប្បន្ន​ខណៈនៅពេលនេះ ក្រុមហ៊ុនកំពុងតែជំរុញ នូវការចាក់ដី ដើម្បីរៀបចំបាតគ្រឹះ ទៅតាមលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា កំពង់ទឹកជ្រៅ កម្រិតអន្តរជាតិ ដ៏ថ្មីសន្លាងមួយ នៅក្នុងខេត្តកំពត ត្រូវបានបើកការដ្ឋាន សាងសង់ជាផ្លូវការ ជាមួយទុនវិនិយោគ ដ៏សន្ធឹកសន្ធាប់ ១.៥០០ លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិ ដែលមានផ្ទៃដី រហូតដល់ទៅ ៦០០ ហិកតានេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូន ផ្លូវសមុទ្ររបស់កម្ពុជា។ កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគ ដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត៕ V / N