ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ សាច់ឆ្មាចំនួនបួនតោននិងឆ្មារស់ចំនួន ៤៨០ ក្បាលត្រូវបានរកឃើញនៅឯទីសត្តឃាតមួយក្នុងខេត្តដុងថាប (Dong Thap) នៃតំបន់ដីសណ្តមេគង្គកាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈ។
ក្រុមអធិការកិច្ចបានរកឃើញថា ទីតាំងសត្តឃាតនៅស្រុកឡាយវង់ (Lai Vung) កាន់កាប់ដោយលោក ង្វៀន ហ៊ុយ ក្វៀន (Nguyen Huy Quyen) បានប្រមូលនិងដឹកជញ្ជូនសត្វឆ្មាដោយគ្មានលិខិតបញ្ជាក់អនាម័យពីពេទ្យសត្វ។
ប្រភពដើមនៃសាច់ឆ្មាដែលបានរកឃើញ នៅមិនទាន់ដឹងច្បាស់លាស់ទេ។ សាច់ទាំងនោះបានស្ថិតនៅក្នុងទូក្លាសេ ហើយក៏ខ្វះការបញ្ជាក់ឬឯកសារផងដែរ។
អ្នកតំណាងម្នាក់មកពីទីសត្តឃាតនិងរោងចក្រកែច្នៃសាច់សត្វ បាននិយាយថា សត្វឆ្មាទាំងនេះត្រូវបានទិញពីទីតាំងជាច្រើននៅតំបន់ដីសណ្ត។ អ្នកតំណាងរូបនោះបាននិយាយថា សត្វឆ្មា ដែលគេសម្លាប់ កំពុងរង់ចាំការដឹកជញ្ជូនទៅកាន់ភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលពួកវានឹងត្រូវផលិតជាឱសថបុរាណ។
ឆ្មានីមួយៗមានទម្ងន់ជាមធ្យម ២ គីឡូក្រាម ហើយដូច្នេះចំនួនសរុបមានប្រហែល ២.០០០ ឆ្មា។
អ្នកតំណាងរូបនោះបានពន្យល់ថា សត្វឆ្មារស់នឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងហូជីមិញដើម្បីលក់។
លោក វ៉ូ បេ ហៀន (Vo Be Hien) ប្រធានមន្ទីរចិញ្ចឹមសត្វខេត្តដុងថាប បាននិយាយថា ទីសត្តឃាតមិនត្រូវបានអនុញ្ញាតិឱ្យសម្លាប់ឆ្មារស់នោះទេ ប៉ុន្តែទីសត្តឃាតនឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនសត្វឆ្មា នៅពេលទទួលបានឯកសារដើម្បីធ្វើដូច្នេះ។
ប្រធានមន្ទីរបាននិយាយថា សាច់ឆ្មាចំនួន ៤ តោននឹងត្រូវបោះចោល ខណៈសត្វឆ្មានៅរស់នឹងត្រូវរក្សាទុកនៅកសិដ្ឋានឆ្មាដើម្បីត្រួតពិនិត្យសុខភាព និងចាក់វ៉ាក់សាំងមុនពេលដឹកជញ្ជូន។
លោកហៀនបន្ថែមថា ទីសត្តឃាតនេះនឹងត្រូវពិន័យ ហើយម្ចាស់និងអ្នកគ្រប់គ្រងនឹងត្រូវដាក់ទោស ប៉ុន្តែនោះជាការទទួលខុសត្រូវរបស់នាយកដ្ឋានប៉ូលិសបរិស្ថានខេត្តដុងថាប៕
សាច់ឆ្មាចំនួនបួនតោននិងឆ្មារស់ចំនួន ៤៨០ ក្បាលត្រូវបានរកឃើញនៅឯទីសត្តឃាតមួយក្នុងខេត្តដុងថាបកាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈ