ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទ​១៦​កុម្ភៈ​ថា តំបន់​មហាសមុទ្រ​នៅ​ទ្វីបអង់តាក់ទិក ដែល​គ្របដណ្តប់​ដោយ​ទឹកកក បាន​ថយចុះ​ដល់​កម្រិត​ទាប​បំផុត ដោយ​ធ្វើឱ្យ​បន្ទះ​ទឹកកក​ក្រាស់ឃ្មឹក ដែល​សង្កត់ពីលើ​ផ្ទាំង​ទឹកកក​នៅជាប់​នឹង​ដី​របស់​ទ្វីបអង់តាក់ទិក ងាយ​ប្រឈម​នឹង​រលក​និង​សីតុណ្ហភាព​ក្តៅ​។​

​មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល​និង​ទឹកកក​ជាតិ​នៅ​សហរដ្ឋ​អាម៉េរិក​(NSIDC) បាន​និយាយថា ទឹកកក​សមុទ្រ​របស់​ទ្វីបអង់តាក់ទិក​បាន​ថយចុះ​ដល់​ទៅ ១,៩១ លាន​គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្តាហ៍​នេះ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​កំណត់ត្រា​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៧៩​។​

​កម្រិត​ទាប​មិន​ធ្លាប់​មាន​កាលពីមុន​ត្រូវបាន​កំណត់​កាលពី​ឆ្នាំមុន​។​

NSIDC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដោយ​នៅ​សល់​ពីរ​បី​សប្តាហ៍​ទៀត​នៅក្នុង​រដូវ​ទឹកកក​រលាយ ទំហំ​នៃ​ការ​រលាយ​ទឹកកក​ត្រូវ​គេ​រំពឹងថា​នឹង​បន្ត​កើតឡើង​បន្ថែមទៀត​មុន​ពេល​ឈាន​ដល់​កម្រិត​អប្បបរមា​ប្រចាំឆ្នាំ​របស់​វា​”​។​

​ទឹកកក​សមុទ្រ​រលាយ​មិន​មាន​ផលប៉ះពាល់​ជាក់ស្តែង​លើ​កម្រិត​ទឹកសមុទ្រ​ទេ ព្រោះ​ទឹកកក​បាន​ស្ថិតនៅ​ក្នុង​ទឹកសមុទ្រ​រួចទៅហើយ​។​

​ប៉ុន្តែ​ទឹកកក​សមុទ្រ​បាន​គ្របដណ្ដប់​ព័ទ្ធជុំវិញ​បន្ទះ​ទឹក​កកធំៗ​របស់​ទ្វីបអង់តាក់ទិក ដែល​នេះ​ជា​ផ្នែក​លយ​នៃ​ផ្ទាំង​ទឹកកក​ទឹកសាប ដែល​គំរាមកំហែង​ដល់​ការកើនឡើង​កម្រិត​ទឹក​សមុទ្រ​ដ៏​មហន្តរាយ​នៅ​ប៉ុន្មាន​សតវត្សរ៍​ទៀត ប្រសិនបើ​ពួក​វា​បន្ត​រលាយ​ខណៈ​សីតុណ្ហភាព​ពិភពលោក​បន្ត​កើនឡើង​។​

NSIDC បាន​និយាយថា “​ភាគច្រើន​នៃ​ឆ្នេរសមុទ្រ​ទ្វីបអង់តាក់ទិក​” ឥឡូវ​មាន​តែ​ទឹក​អត់​មាន​ទឹកកក “​ជាហេតុ​ធ្វើឱ្យ​បន្ទះ​ទឹកកក​ដែល​នៅ​ជាប់​នឹង​ផ្ទាំង​ទឹកកក​ងាយ​ប្រឈម​មុខ​នឹង​សកម្មភាព​រលក​និង​អាកាសធាតុ​កាន់តែ​ក្តៅ​ទៅ​”៕

​ទឹកកក​សមុទ្រ​របស់​ទ្វីបអង់តាក់ទិក​បាន​ថយចុះ​ដល់​ទៅ ១,៩១ លាន​គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្តាហ៍​នេះ