ដោយៈ បូកគោ / កំពតៈ ដោយមើលឃើញ ពីភាពស្រស់ស្អាត និងមានគុណភាព តាមលក្ខណ:ស្តង់ដារ សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ បានសម្រេចផ្តល់ពានរង្វាន់ ចំនួនពីរ ជូនសហគមន៍ត្រពាំងសង្កែ នាពេលថ្មីៗ កន្លងទៅនេះ។

ប្រធានសហគមន៍ត្រពាំងសង្កែ លោក សឹម ហ៊ីម បានប្រាប់ឲ្យដឹងថាៈ ក្រោយពីបានវាយ តម្លៃ យ៉ាងល្អិតល្អន់ ចំពោះបរិស្ថានអនាម័យ សោភ័ណភាព ពិធីបដិសណ្ឋារកិច្ច គុណភាពកន្លែងស្នាក់នៅ ព្រមទាំងសេវាផ្សេង ដែលមាននៅរមណីយដ្ឋានទេសចរណ៍ ធម្មជាតិ ត្រពាំងសង្កែ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមអាស៊ាន បានប្រគល់ ពានរង្វាន់ចំនួនពីរ ដល់សហគមន៍ត្រពាំងសង្កែ នាប្រទេសឥណ្ឌូណេស៊ី។ ពានរង្វាន់ទាំង នោះ រួមមាន ពានរង្វាន់សហគមន៍ទេសចរណ៍ ស្តង់ដារអាស៊ាន និងពានរង្វាន់ផ្ទះសំណាក់ សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន។

លោកប្រធានសហគមន៍ បានបញ្ជាក់ថាៈ ភាពជោគជ័យទាំងនេះ បានកើតឡើង ក្រោយសហគមន៍ បានប្រែក្លាយពីសហគមន៍នេសាទ មកជាសហគមន៍ទេសចរណ៍ ធម្មជាតិ ដោយមានការសម្របសម្រួលពីអាជ្ញាធរ កិច្ចគាំទ្រពីអង្គការម្ចាស់ជំនួយ ការចូលរួមពីសមាជិកសហគមន៍ អ្នកនេសាទ ប្រជាពលរដ្ឋ និងការរក្សាបាននូវសាមគ្គី ផ្ទៃក្នុង របស់គណៈកម្មការសហគមន៍។

លោក សឹម ហ៊ីម បានបន្តថាៈ ប្រសិនបើគ្រប់គ្នា គិតថា រាល់ការខិតខំ សម្រាប់តែផល ប្រយោជន៍ ក្រុមគ្រួសារ បក្ខពួកនោះ ភាពជោគជ័យ មិនអាចកើតមាន រហូតដល់ សព្វថ្ងៃនេះទេ។ ប៉ុន្តែ អ្វីដែលសហគមន៍ ប្រឹងប្រែងតាំងពីចាប់ដំណើរការ មកនោះ គឺដើម្បីបង្កើតមុខរបរ កាត់បន្ថយការធ្វើចំណាកស្រុក ការពារសកម្មភាពទន្រ្ទានកាន់កាប់ ឬចូលនេសាទ ដោយឧបករណ៍ល្មើសច្បាប់ ពីជនខិលខូចជាដើម។ ទាំងនេះហើយ ទើបសហគមន៍ ទទួលបានកិច្ចគាំទ្រ ពីគ្រប់មជ្ឈដ្ឋានរហូតដល់សព្វថ្ងៃ។

ជាមួយពានរង្វាន់ជ័យលាភី ខាងលើ ក្រុមភ្ញៀវដែលបានមកកម្សាន្ត នៅរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ របស់ពួកគាត់ថា រមណីយដ្ឋានធម្មជាតិ ត្រពាំងសង្កែ រៀបចំបានល្អស្អាត មានភាពទាក់ទាញ ពិសេស បានអភិរក្ស និងដាំដើមកោងកាង យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងនាមទេសចរ ដែលស្រលាញ់ ចូលចិត្តទីកម្សាន្ត បែបធម្មជាតិ ពួកគាត់សូមលើកទឹកចិត្ត ដល់សហគមន៍ ឲ្យខិតខំបន្ថែមទៀត ដើម្បីជាប្រយោជន៍សហគមន៍ និងមនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា សហគមន៍ត្រពាំងសង្កែ មានទីតាំងស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ចម្ងាយប្រហែលប្រាំពីរ គីឡូម៉ែត្រ ភាគខាងកើត ទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣៣។ បច្ចុប្បន្ន សហគមន៍ មានផ្ទះ សំណាក់ ចំនួន ៤១ បន្ទប់ ទូកដឹកភ្ញៀវ ១៦ គ្រឿង មានស្ពានឈើដើរកម្សាន្ត ក្នុងព្រៃកោងកាង ប្រវែង ១.០០០ ម៉ែត្រ និងមានខ្ចូសអង្គុយលេង នៅមាត់សមុទ្រ ចំនួន ៣០ ខ្នង។ សហគមន៍ មានព្រៃកោងកាង ទំហំ ៤៨ ហិកតា។ ក្នុងនោះ ដើមកោងកាង ទើបនឹងដាំថ្មី ទំហំ ២៨ ហិកតា៕​ V / N