ដោយៈ សុវណ្ណកុម្ភៈ / កំពង់ធំ៖ លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ បាននិយាយថាៈ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទី២ ប្រចាំឆ្នាំនេះ មានក្រុមកីឡាករ -កីឡាការិនី បាល់ទាត់កុមារ និងយុវជនចំនួន ៣៦០ នាក់ មកពី ៣០ ក្រុម នៅទីរួមខេត្តកំពង់ធំ ក្រោមការសហការ រវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia ដើម្បីឲ្យពួកគេបញ្ចេញសមត្ថភាព និងអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតមិត្តភាពមួយនេះ ។

លោក យិន សាមឌី បានបន្តថាៈ ឆ្នាំនេះ គឺជាឆ្នាំទី៦ ហើយក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់ វិលជុំថ្នាក់មូលដ្ឋានដ៏ធំបង្អស់មួយ នៅប្រទេសកម្ពុជា ចាប់តាំងពីការកកើតឡើង នៃកិច្ចសហការមួយនេះ ស្ថាប័នទាំងពីរនេះ បានកត់សម្គាល់ឃើញថា ឱកាសចូលរួម ប្រកួតប្រជែង ក្នុងកីឡា គឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា។

ដោយឡែក ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ នៅតាមខេត្ត នឹងផ្តល់ឱកាសដល់កីឡាករ -កីឡាការិនី ជាង ១.៥០០ នាក់ ក្នុងការចូលរួមប្រកួតប្រជែង ដោយជួយកាត់បន្ថយ ការធ្វើដំណើរផ្លូវឆ្ងាយ សម្រាប់ពួកគេ ហើយការឧបត្ថម្ភគាំទ្រ និងការប្តេជ្ញាចិត្ត ចំពោះ ការលើកកម្ពស់ជីវិត កាន់តែប្រសើររបស់ក្រុមហ៊ុននេះ បានរួមចំណែកក្នុងការរីកលូត លាស់ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះ ។

លោក ឃឹម ស្រេង ប្រធានការិយាល័យអប់រំកាយ និងកីឡា ខេត្តកំពង់ធំ បាននិយាយថាៈ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ បានជួយលើកទឹកចិត្តឲ្យកុមារ និងយុវជន ចាប់ផ្តើម លេងកីឡា និងក្លាយជាពលរដ្ឋ មានសុខភាពល្អ ទាំងផ្លូវចិត្ត និងកាយនាថ្ងៃអនាគត ដែលវាក៏ស្របទៅនឹងបេសកកម្មរបស់ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

លោក ឡុច រ៉ែន ជានាយកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន AIA Cambodia បាននិយាយថាៈ នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំការប្រកួតបាល់ទាត់វិលជុំ នៅទីរួមខេត្តកំពង់ធំ ។ ពួកយើង ពិតជាមានក្តីសោមនស្ស ក្នុងការសហការ ជាមួយនឹងអង្គការនេះ ដើម្បីជួយកសាង អនាគតដ៏ល្អប្រសើរមួយ សម្រាប់កុមារ និងយុវជនក្រីក្រ តាមរយៈកីឡា ។ ក្រៅពី អត្ថប្រយោជន៍របស់កីឡា ចំពោះសុខភាព វាក៏ជួយលើកកម្ពស់ការធ្វើការ ជាក្រុម សមភាព និងសាមគ្គីភាព ទៀតផង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តកំពង់ធំ នឹងប្រព្រឹត្តទៅ រយៈពេលប្រាំបី សប្តាហ៍ជាប់គ្នា ។ ក្រុមឈ្នះ ក្នុងការ ប្រកួតនេះ នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃទី១១ ខែមិថុនា នៅរាជធានីភ្នំពេញ៕ V / N