ដោយ: ពៅនិមល / ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងផែនការ បានកំណត់យកចុងខែមីនា ដើម្បីបើកវគ្គបណ្តុះបណ្តាល មន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ នៅតាមរាជធានី-ខេត្ត ខណៈជំរឿនកសិកម្ម នៅទូទាំងប្រទេស ២៥ រាជធានី ខេត្ត គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ទី ៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ផេកផ្លូវការរបស់ក្រសួងផែនការ បានឲ្យដឹងថាៈ នៅក្នុងកិច្ចប្រជុំ ស្តីពីដំណើរការ និងការប្រព្រឹត្តទៅ នៃជំរឿនកសិកម្ម នៅរាជធានី ខេត្ត ទាំង២៥ កាលពីពេលកន្លងទៅនេះ នៅទីស្តីការក្រសួង លោកបណ្ឌិត ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ ថាៈ ការងារជំរឿនកសិកម្ម នៅកម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជា ធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករ យ៉ាងសំខាន់ សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពកម្ពុជា (CSDGs) ឆ្នាំ២០១៦-២០៣០។

លោករដ្ឋមន្រ្តី បានលើកឡើងបន្តថាៈ ការងារជំរឿនកសិកម្ម ឆ្នាំ២០២៣ គឺត្រូវបាន អនុញ្ញាតឱ្យធ្វើជាលើកទីពីរ (បន្ទាប់ពីជំរឿនកសិកម្ម លើកទី១ នៅឆ្នាំ២០១៣) ដែលឧបត្ថម្ភគាំទ្រ ផ្នែកបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) និងគាំទ្រថវិកាទាំងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្ម ឆ្នាំ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មាន ចំនួនប្រជាជនកម្ពុជា មានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩ លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនឹងគ្រួសារប្រកបមុខរបរ កសិកម្ម នៅទូទាំប្រទេសកម្ពុជា មានប្រមាណជាង ២,៧ លានគ្រួសារ។ ក្នុងន័យនេះ យើងត្រូវចុះអនុវត្ត ធ្វើការប្រមូលព័ត៌មាន ទិន្នន័យស្ថិតិគ្រួសារកសិកម្ម ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់ និងសកលលោក ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ ទំនើប សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ដើម្បីធ្វើមូលដ្ឋានគ្រឹះធាតុចូលដ៏ល្អ សម្រាប់រៀបចំគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីដំណើរការ និងការប្រព្រឹត្តទៅ នៃជំរឿនកសិកម្ម នៅរាជធានី ខេត្ត ទាំង ២៥ រៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើការបែងចែក មណ្ឌលជំរឿន ឯកសារពាក់ព័ន្ធជំរឿនកសិកម្ម កម្លាំងមន្រ្តីសម្ភាសន៍ មន្រ្តីត្រួតពិនិត្យ មន្រ្តីជំនួយការតំបន់ និងមន្រ្តីប្រចាំតំបន់ នៅតាមរាជធានី ខេត្តទាំង២៥ ធានាឱ្យមាន ដំណើរការ និងការប្រព្រឹត្តទៅនៃ ជំរឿនកសិកម្ម នៅកម្ពុជា ឆ្នាំ២០២៣ ដែលនឹងត្រូវអនុវត្ត ធ្វើការបណ្តុះបណ្តាលមន្រ្តីជំរឿន និងចុះសម្ភាសន៍ប្រមូលទិន្នន័យគ្រួសារ ប្រកបមុខរបរ កសិកម្ម ឬគ្រួសារកសិកម្ម និងគ្រឹះស្ថានកសិដ្ឋានគ្រប់ប្រភេទ និងទំហំខ្នាតតូច មធ្យម និងធំ ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្រ្ត ក្នុងដែននៃរាជធានី ខេត្ត សាមីទាំងអស់ ឱ្យដំណើរការ បានជោគជ័យប្រកបដោយ គុណភាពទិន្នន័យល្អ និងមានប្រសិទ្ធភាពខ្ពស់៕  V / N