ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំថ្នាក់ខេត្តមួយ នៅសណ្ឋាគារ ខេមរា អង្គរ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការរៀបចំផែនការ សកម្មភាព និងពង្រឹងនីតិវិធីឡើងវិញ ដល់ក្រុមការងារ ដើមី្បបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាលថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្នុងឱកាសនោះ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការចូល រួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្ត ហើយសូមស្នើសុំ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា មេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធី លើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍ ឲ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឲ្យខានតែបាន គោលដៅឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% ហើយជាពិសេស គឺទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យ ប្រកបដោយ និរន្តរភាព” ។

លោកបានបន្តទៀតថាៈ នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ ការបន្ទោរបង់ពាសវាលពាសកាល តែលោកមានការព្រួយបារម្ភ ចំពោះក្រុង ស្រុក ឃុំ សង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និងការបន្ទោរបង់ពាសវាល ពាសកាល នៅជាបញ្ហាប្រឈមនៅឡើយ ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថាៈ ស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាល ពាលកាល មានចំនួន៣​ ក្នុងខេត្តសៀមរាប ហើយ ឃុំ-សង្កាត់ នៃក្រុង ស្រុក ចំនួន៦ មានភូមិសាស្ត្រជាប់បឹងទន្លេសាប នៅតែជួបនឹងបញ្ហាប្រឈម ទៅលើអនាម័យ និង ការប្រើប្រាស់ទឹកស្អាត។

លោកបានបន្តទៀតថាៈ ដោយកង្វះអនាម័យនេះ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពបងប្អូន សំខាន់ចំពោះកុមារ ធ្វើឲ្យមានបញ្ហា ក្នុងការលូតលាស់របស់កុមារ និងជំងឺក្រិន ជាដើម ។ ក្នុងនោះដែរ លោកក៏បានលើកនូវសំណូមពរ ដល់អាជ្ញាធរក្រុង ស្រុក បន្តពង្រឹងពង្រីក និងជំរុញដល់ប្រជាពលរដ្ឋ ក្នុងអនុវត្តអនាម័យស្អាត នៅក្នុងមូលដ្ឋាន ដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភ័ណភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ ភ្ញៀវទេសចរវ៉ាក់សាំង ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយ សម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិ ។
ម៉្យាងទៀត ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ការបន្ទោរបង់ពាសវាល ពាសកាល ត្រូវបានបញ្ចប់ និងប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ ត្រូវមាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅ ក្នុងបរិស្ថានអនាម័យ ប្រកបដោយនិរន្តរភាព៕/V-PC