ដោយ៖រ៉ាម៉ន/កំពង់ចាម៖ សមិទ្ធផលនានា ដែលមានទាំងផ្លូវថ្នល់ សាលារៀន និងសមិទ្ធផលផ្សេងទៀត ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ត្រូវបានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កសាងឡើង ខណៈភូមិសាស្ត្រនេះ ជាស្រុកកំណើតរបស់ផ្ទាល់លោក។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះលោក កើត ឆែ ដែលជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយយករដ្ខមន្ត្រីផងនោះក៏ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ បេតុងអាមេ ប្រវែង ជាង៤០០ម៉ែត្រ ស្ថិតក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

លោក កើត ឆែ បានមានប្រសាសន៍ថា កំណាត់ផ្លូវដែលត្រូវសាងសង់នេះ មានប្រវែង ជាង៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ សិ្ថតនៅក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចខ្លោងទ្វារសមាគមខ្មែរ ចិន ព្រៃទទឹង រហូតដល់ចំណុចកែង ខាងក្រោយរបងវិទ្យាល័យនរោត្ត រណប្ញទ្ធិ គន្ធបុប្ផា ។ កន្លងមក កំណាត់ផ្លូវនេះ គឺជាផ្លូវលំ ដែលមានសភាពខូចខាត ដោយសារកត្តាទឹកភ្លៀង ធ្វើឱ្យមានត្រលុកតូច-ធំ បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ដោយពិនិត្យឃើញថាកំណាត់ផ្លូវនេះខូចខាតខ្លាំង សមាគមខ្មែរ ចិន ព្រៃទទឹង ក៏បានចំណាយថវិកា មួយចំនួន ដើម្បីរៀបចំចាក់ដី និងគ្រួស លើកតួផ្លូវឡើងវិញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ប៉ុន្តែ នៅពេល មានភ្លៀងម្ដងៗ ធ្វើឱ្យលិចផ្លូវ និងពិបាកដល់ការធ្វើដំណើរជារឿយៗ ហើយកំណាត់ផ្លូវនេះ នឹងឈានទៅខូចខាត ទាំងស្រុង ដែលទាមទារឱ្យធ្វើការជួសជុលឡើងវិញ ស្របតាមបទដ្ឋានបច្ចេកទេស ។ក្នុងន័យនេះ ដោយឈរលើស្មារតីរួបរួមសាមគ្គី និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រោមការផ្តួចផ្តើមគំនិតពីសមាគមខ្មែរ ចិន ព្រៃទទឹង និងសប្បុរសជនមួយចំនួន ដែលមានស្រុកកំណើតនៅក្នុង មូលដ្ឋានស្រុកព្រៃទទឹង បានមូលមតិគ្នាកៀរគរថវិកា ដើម្បីរៀបចំស្ថាបនាកំណាត់ផ្លូវនេះឡើងវិញ ឱ្យ មានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ។ការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ៦០.000 ដុល្លារក្នុងនោះ សមាគមខ្មែរ ចិន ព្រៃទទឹង ឧបត្ថម្ភថវិកាចំនួន ៦.២៧០ដុល្លារនិងសប្បុរសជនមួយចំនួនទៀតបានឧបត្ថម្ភ បំពេញបន្ថែម នូវថវិកាចំនួន ៥៣.៧៣០ដុល្លារទៀត។ ដោយត្រូវសាងសង់ ក្នុងរយៈពេលប្រមាណជាង ០១ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាននេះ និងទទួលការសាងសង់ដោយក្រុមហ៊ុន ហង្ស មួយហេង ស្របតាមកិច្ចសន្យាសាងសង់ផ្លូវ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកកើត ឆែ បានលើកឡើងពីគុណតម្លៃ «សន្តិភាព» ដោយលោកបញ្ជាក់ថា បើគ្មានសន្តិភាពទេ យើងមិនអាចជួបជុំគ្នា មិនអាចទទូលបាននូវការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធនានានៅក្នុងមូលដ្ឋាននោះទេ និងរឹតតែពុំមានសប្បុរសជនណា ឧបត្ថម្ភថវិកាសម្រាប់កសាងសមិទ្ធផលផ្សេងៗ ក្នុងអំឡុង ពេលប្រទេសមានសង្គ្រាមនោះដែរ។ យើងត្រូវរួមគ្នា ក្នុងរក្សាសុខ សន្តិភាពអោយបានគង់វង់ និងត្រូវត្រៀមខ្លួនក្នុងការ ប្រឆាំងនឹងឧបាយកលដ៏ខ្មៅងងឹត ក៏ដូចកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយម របស់ពួកក្រុមឧទ្ទាមក្រៅច្បាប់ ផង ។

បន្ថែមពីនេះ លោកកើតឆែ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ សម្តេចតេជោ ហ៊ុនសែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជា គាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ។

បន្ទាប់ពីចប់ពិធីបើកការដ្ឋាននេះ លោកកើត ឆែ ក៏បានបន្តដំណើរ ចុះពិនិត្យមើលស្ថានភាព អគារសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងវិទ្យាល័យនរោត្ត រណប្ញទ្ធិ. គន្ធបុប្ផា និងចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងអគារទីចាត់ការ – បណ្ណាល័យ ១ខ្នង នៅសាលាបឋមសិក្សាព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផងដែរ ខណៈដែរ ការដ្ឋាននេះធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៤ កុម្ភៈ ២០២៣ ក្រោមវត្តមាន អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកផ្ទាល់៕ P / N /R