ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​នឹង​ធ្វើ​សមយុទ្ធ​លើ​តុ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បង្កើន​សមត្ថភាព​ប្រើប្រាស់​ទ្រព្យ​នុយក្លេអ៊ែរ​អាម៉េរិក ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ត្រៀម​ទប់ទល់​នឹង​ការ​គំរាម​របស់​កូរ៉េខាងជើង នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។​

​តែ​ភ្លាមៗ​ក្រោយ​ការប្រកាស​របស់​កូរ៉េខាងត្បូង កូរ៉េ​ខាងជើង​បាន​គំរាម​«​ចាត់​វិធានការ​ឆ្លើយតប​ដ៏​ខ្លាំង​មិន​ធ្លាប់មាន​» បើសិនជា​កូរ៉េខាងត្បូង​និង​អាម៉េរិក​នៅតែ​បន្ត​ផែនការ​ធ្វើ​លំ​ហាត់​យោធា​ប្រភេទ​នេះ និង​ចោទប្រកាន់​សម្ពន្ធមិត្ត​ទាំងពីរ​ថា បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ក៏​បាន​និយាយថា ខ្លួន​នឹង​ពិចារណា​ចាត់វិធានការ​យោធា​បន្ថែម បើសិនជា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិក្រោមឥទ្ធិពល​អាម៉េរិក បន្ត​គាបសង្កត់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខា​ជើង​ប្រដាប់​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ បាន​ធ្វើ​ការបាញ់​សាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ដែល​ធ្លាប់​មាន​កាលពី​ឆ្នាំ​២០២២​កន្លងទៅ រួម​មាន​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​(ICBMs)​ដែល​អាច​វាយ​ប្រហារ​ដល់​អាម៉េរិក ។​

​ការហ្វឹកហាត់​ដែល​មានឈ្មោះ​ថា សមយុទ្ធ​លើ​តុ​នៃ​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​រារាំង ត្រូវធ្វើ​នៅ​ថ្ងៃ​២២​កុម្ភៈ​នៅ​ក្រសួង​ការពារជាតិ​អាម៉េរិក ដោយ​មាន​ការចូលរួម​ពី​អ្នកបង្កើត​គោលនយោបាយ​ការពារជាតិ​ជាន់​ខ្ពស់​មក​ពី​ភាគី​ទាំងពីរ​។​

​វា​នឹង​ជា​លំ​ហាត់​យោធា​ដូច្នេះ​លើកដំបូង​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​កាលពី​ឆ្នាំមុន​ថា​នឹង​រៀបចំ​ធ្វើ​វា​ជា​រៀងរាល់ឆ្នាំ នៅពេល​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ស្វះស្វែង​បង្កើន​ជំនឿ​ចិត្ត​លើ​អាម៉េរិក​នៅក្នុង​ការការពា​រ​ខ្លួន​ពី​ការ​គំរាម​មកពី​កូរ៉េខាងជើង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​កងកម្លាំង​នុយក្លេអ៊ែរ​។​

​ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ដោយ​ផ្តោត​លើ​ការ​គំរាម​នុយក្លេអ៊ែរ​មកពី​កូរ៉េខាងជើង ភាគី​ទាំងពីរ​នឹង​ជជែក​ពិភាក្សា​គ្នា​ស៊ី​ជំរៅ​អំពី​វិធានការ​នានា​ដើម្បី​ពង្រឹង​របាំង​ការពារ រួម​មាន​ការចែករំលែក​ព័ត៌មាន​និង​របៀប​ប្រឹក្សា​យោបល់​»​។​

​នៅ​ថ្ងៃ​២៣​កុម្ភៈ ពួក​មន្ត្រី​ក៏​នឹង​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ពជើងទឹក​ឃី​ង​ស៍បេ​(Kings Bay)​នៅ​រដ្ឋ​ច​ច​ជៀ ដែល​ជាកន្លែងផ្ទុក​នាវា​មុជទឹក​នុយក្លេអ៊ែរ​។​

​សម្ពន្ធមិត្ត​ទាំងពីរ​បាន​និយាយថា ពួកគេ​បាន​និង​កំពុង​ធ្វើ​ការជំរុញ​ការរៀបចំ​ផែនការ​និង​អនុវត្ត​ប្រតិបត្តិការ​នុយក្លេអ៊ែរ​រួមគ្នា ព្រម​ទាំង​ការចែករំលែក​ព័ត៌មាន​៕

​ភាគី​ទាំងពីរ​បាន​បញ្ចេញ​យន្ត​ហោះ​ទំនើបៗ រួម​មាន​យន្តហោះ​អាច​បំពាក់​គ្រាប់​នុយក្លេអ៊ែរ​មក​ធ្វើ​សមយុទ្ធ​លើ​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​១​មករា ២០២៣

​កូរ៉េខាងជើង​បង្ហាញ​គំរូ​កាំជ្រួ​ចផ្លង​ទ្វីប​Hwasong-17 ក្នុង​ព្យុហយាត្រា​យោធា​កាលពី​ថ្ងៃ​៨​កុម្ភៈ ២០២៣