ដោយបាយ័ន/សៀមរាបៈនៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំផ្សព្វផ្សាយ ពីការត្រៀមលក្ខណៈទទួលទេសចរចិន ក្រោមអធិបតីភាព លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបតំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក យុន លីនណេ បានមានប្រសាសន៍ថា ឆ្នាំ២០២០ ខេត្តសៀមរាបទទួល បានទេសចរអន្តរជាតិចំនួនប្រមាណ ៤០ម៉ឺននាក់ ថយចុះ ៨១,៨២%ធៀបនឹងឆ្នាំ២០១៩ប៉ុន្តែជាមួយនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយភាពជោគជ័យ ពិសេសប្រសិទ្ធិភាពនៃគោលនយោបាយចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនិងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកអភិបាលរងខេត្តបានថ្លែងនូវអំណរអគុណដល់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងសណ្តាប់ធ្នាប់សង្គម។
ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសង្គមបានល្អ រហូតឈានដល់មានការទទួលស្គាល់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក (ក្នុងចំណោម ១៦៦ប្រទេស) ដែលបានធ្វើឱ្យកម្ពុជាក៏ដូចជាខេត្តសៀមរាបយើងក្លាយជាគោលដៅសុវត្ថិភាពសម្រាប់ទទួលទេសចរជាតិអន្តរជាតិ។ ដើម្បីបន្តត្រៀមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះភ្ញៀវទេសចរចិនឱ្យកាន់តែប្រសើរឡើង សក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” កិច្ចសហប្រតិបត្តិការជាដៃគូរវាង (រដ្ឋ-រដ្ឋ) រវាង (រដ្ឋ និងឯកជន) គឺជាកត្តាគន្លឹះជាយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្ត ហើយយើងក៏ត្រូវស្វែងយល់អំពីអត្តចរិតរបស់ភ្ញៀវទេសចរចិនផងដែរ ដូចជា៖ភ្ញៀវទេសចរចិន មានលក្ខណៈទាន់សម័យ តែប្រកាន់ទំនៀមទម្លាប់ (និយមប្រើប្រាស់អនឡាញ (Online) ក្នុងការស្វែងរកគោលដៅទេសចរណ៍ និងអាចផ្តល់នូវបទពិសោធន៍ល្អៗ (Experiences) ដល់ពួកគាត់ក្នុងដំណើរកម្សាន្ត។ ភ្ញៀវទេសចរចិនត្រូវការសេវាកម្មមានគុណភាពខ្ពស់គោលដៅប្រកបដោយសុវត្ថិភាព(Safe)៕/PC