ដោយៈ យោធិន / កំពង់ស្ពឺៈ គណៈប្រតិភូកងស្វ័យការពារជើងគោក ប្រទេសជប៉ុន ដឹកនាំដោយនាយឧត្តមសេនីយ៍ YOSHIDA YOSHIHIDE មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបំពេញ ទស្សនកិច្ច នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ សំដៅស្វែងយល់ ពីវិស័យរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ របស់កងយោធាមួកខៀវកម្ពុជា ខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ លំហាត់ហ្វឹកហ្វឺន រក្សាសន្តិភាពត្រីភាគី (ជប៉ុន- អង្គការសហប្រជាជាតិ -កម្ពុជា) ក្រោមការជ្រោមជ្រែង ផ្តួចផ្តើមឡើងដោយ អតីតនាយក រដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីន ហ្សូអាបេ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានផ្តល់ កិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះប្រមុខកងស្វ័យការពារជើងគោកជប៉ុន លោក YOSHIDA YOSHIHIDE និងសមាជិក គណៈប្រតិភូទាំងអស់ សម្រាប់ដំណើរ ទស្សនកិច្ចមកកាន់កម្ពុជា ដ្បិតជប៉ុន គឺជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ជាយូរមកហើយ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជឿជាក់ថាៈ ដំណើរទស្សនកិច្ច នាពេលនេះ នឹងជំរុញ បន្ថែមឱ្យ ទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែរឹងមាំ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព។ កងកម្លាំងមួកខៀវកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត ដូចជា ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ធនធានមនុស្ស ការចែករំលែកបទពិសោធន៍ និងលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព។

ក្នុងជំនួបសវនាការជាមួយ ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ YOSHIDA YOSHIHIDE បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះការផ្តល់ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រមុខកងយោធាមួកខៀវកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ប្រមុខកងស្វ័យការពារជើងគោកជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ។ ទន្ទឹមនោះ នាយឧត្តមសេនីយ៍ YOSHIDA YOSHIHIDE ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងវិស័យរក្សាសន្តិភាព។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ កងស្វ័យការពារជើងគោកជប៉ុន ធ្វើទស្សនកិច្ចនៅសាលាហ្វឹកហ្វឺន កងកម្លាំងពហុជាតិ (PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូ ក៏បានអញ្ជើញគោរព វិញ្ញាណក្ខន្ធកងយោធាមួកខៀវ ដែលបានពលីអាយុជីវិត ដើម្បីបុព្វហេតុស្វែងរកសន្តិភាព ជូនដល់មនុស្សជាតិ លើសកលលោកផងដែរ។

ជាមួយគ្នានេះដែរ គណៈប្រតិភូ ក៏បានអញ្ជើញទស្សនា ការធ្វើបទបង្ហាញពីសកម្មភាព របស់ កងយោធាមួកខៀវកម្ពុជា តាមបណ្តាតំបន់បេសកកម្មក្រោមឆត្ររបស់ អង្គការ សហប្រជាជាតិ និងទស្សនាសកម្មភាព រុករកមីននៅចម្ការមីនសប្បនិម្មិត៕/V-PC