ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់ឡាយព្រះហស្ថលេខា ប្រោសប្រទាននូវការបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន ១៣នាក់ (ស្រី៣នាក់) ក្នុងនោះ មានពលរដ្ឋកម្ពុជា ១២ នាក់ និងពលរដ្ឋថៃ ១នាក់ ចាប់ពីខែ ៣ ទៅ ៦ ខែ ក្នុងឱកាសទិវាជ័យជំនះ លើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៣ ។ នេះបើយោងសំណើរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ តាមរយៈរាជរដ្ឋាភិបាល ។

លោកឧត្តមអគ្គានុរក្ស ២​ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ ជនជាប់ឃុំក្នុងពន្ធនាគារ ជាក់ស្តែង សរុបមានចំនួន ១.៥៥៧ នាក់ ស្រីចំនួន ៨១ នាក់ ។ ក្នុងនោះ មានអនីតិជន ចំនួន ១៩៩ នាក់ ជនបរទេស មាន ៦១ នាក់ ស្រី ១១ នាក់ ។ ជនជាតិថៃច្រើនជាងគេ (៥០នាក់) និងជនជាតិវៀតណាម ឥណ្ឌូណេស៊ី ចិន ឡាវ បង់ក្លាដេស និងជនពិការ មាន ២៥ នាក់ ចាស់ជរា មាន ១១ នាក់។ ក្នុងនោះទៀត មានជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត ចាប់ចូលថ្មី និងបទល្មើសគ្រឿងញៀន ជាដើម។

លោកឧត្តមអគ្គានុរក្ស ២​ អ៊ុង ស៊ីផាន បានបន្តថាៈ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទី ភារកិច្ចរបស់ខ្លួន ដូចជា មានការអប់រំកែប្រែ ស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះ មានការងារកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួល ខុសត្រូវខ្ពស់។ អង្គភាព ក៏មានប៉ុស្តិ៍សុខភាពមួយខ្នង មានផ្នែកសុខាភិបាល ។ ពន្ធនាគារ ក៏បានយកចិត្តទុកដាក់ លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែ និងស្ដារនីតិ សម្បទាដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរសាស្ត្រខ្មែរ ថ្នាក់ទី១ និងថ្នាក់ទី ២ អង្គភាពពន្ធនាគារ បានយកចិត្តទុកដាក់ ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត ស្របតាមនីតិវិធី។ អង្គភាពមានរោងជាងបណ្ដុះបណ្ដាល ចំនួនពីរខ្នង ដែលមានសកម្មភាព ដូចជា រៀនកាត់ដេរ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខារត្រជាក់ អគ្គិសនី។ល។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត បានកត់សម្គាល់ ពីការអនុវត្តនីតិវិធី បានល្អ លើជនជាប់ឃុំ ។ លោកបានបន្តថាៈ ទោះបីជាបងប្អូន ជាប់ឃុំ ក៏បងប្អូន កុំអស់សង្ឃឹមទាំងស្រុង ព្រោះថា ការដែលបងប្អូន ជាប់ពន្ធនាគារ ក៏មិនសុទ្ធតែ អាក្រក់ពេកទេ ។ តែវាជាពេលវេលា ឱ្យបងប្អូនបានដឹងខ្លួន បានកែប្រែទោសកំហុសតូច កុំឱ្យជ្រុលទៅប្រព្រឹត្តកាន់តែធំ ហើយក្លាយជាឧក្រិដ្ឋជនមួយជីវិតដែរ ។

ក្នុងឱកាសនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈកម្មការការបន្ធូរបន្ថយ និងលើកលែងទោសខេត្ត បានធ្វើការទទួលស្គាល់ កោតសរសើរ ដល់លោកឧត្តមអគ្គានុរក្ស២​ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រង យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ថែរក្សាអ្នកជាប់ឃុំ ។

លោក ង៉ោ ម៉េងជ្រួន បានបន្តទៀតថាៈ ក្រោយបានពិនិត្យ វាយតម្លៃ លើសកម្មភាពអនុវត្ត គុណសម្បត្តិ និងរយៈពេល នៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃស្នើសុំបន្ធូរបន្ថយ ទោស ពី៣ ខែ៦ ដល់ ៩ខែ ផងដែរ ៕ V / N