ដោយ : ប.ជ័យ / បន្ទាយមានជ័យ:កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះ​មហន្តរាយ​ របស់រដ្ឋបាលខេត្តឆ្នាំ២០២២​ និងទិសដៅឆ្នាំ២០២៣​ ធ្វេីឡេីងនៅសាលប្រជុំ​ ក្រុមប្រឹក្សា​ខេត្ត​ ព្រឹកថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣

លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត និងស្ថានភាពនៃផលប៉ះពាល់គ្រោះមហន្តរាយក្នុងខេត្តបន្ទាយមានជ័យ នាពេលកន្លងមក ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការទុកជាមុន ដើម្បីឆ្លើយតបអំពីហានិភ័យគ្រោះមហន្តរាយ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដែលយើងគ្រប់គ្នាមិនបានដឹងទុកជាមុន។

លោក ឡាំង ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្ត និងពង្រឹងបន្ថែម។
ក្នុងនោះរួមមាន សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញការធ្វើបច្ចុប្បន្នភាពត្រៀមបម្រុង សម្រាប់ការឆ្លើយតបទៅនឹងទឹកជំនន់ក្នុងឆ្នាំ២០២៣ នេះឱ្យរួចរាល់ត្រឹមខែឧសភាជារៀងរាល់ឆ្នាំ។

សូមឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា ដែលមានចែងនៅក្នុងសៀវភៅផែនការ ត្រៀមថ្នាក់ជាតិ និងថ្នាក់ខេត្ត សម្រាប់ត្រៀមរៀបចំអនុវត្តការងារគ្រប់គ្រងគ្រោះអន្តរាយ។ អាជ្ញាធរ ឃុំ ស្រុក ត្រូវត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ករណីដែលអាចកើតមានគ្រោះមហន្តរាយជាយថាហេតុ។

លោកបន្តថា :សូមបង្កើតឱ្យមានការិយាល័យលេខាធិការដ្ឋានទទួលបន្ទុក ការងារគ្រោះអន្តរាយ ដោយមានមន្ត្រីទទួលបន្ទុកច្បាស់លាស់លើការប្រតិបត្តិការងារនេះ៕ P / N