ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិកា​រកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានសូមឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អ ឱ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូង ប្រជាពលរដ្ឋ ឱ្យពួកគាត់មានទំនុកចិត្ត អាណិតនិងស្រលាញ់យើង រហូតឈានដល់បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាយើង បន្តដឹកនាំប្រទេសជាតិ បន្តយទៀត។

ការស្នើសុំរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ចំនួន ៥៣២ នាក់ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង  បានមានប្រសាសន៍ថាៈ ក្នុងនាមមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា យើងត្រូវបំរើប្រជាពលរដ្ឋ ឱ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោត នោះទេ គឺត្រូវបំរើពួកគាត់ ៥ឆ្នាំពេញ និងសូមឱ្យរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញ យកបេះដូងពួកគាត់ ឱ្យគោរពអាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រី
គណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងនាម សមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូន ជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើង ឱ្យគេបានដឹង ដើម្បីវាយបក ចំពោះការឃោសនាភូតកុហក របស់ពួកអគតិមួយចំនួន។

លោក ឃួង ស្រេង បានបន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ចំនួន ២ លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចេញពីរបបប៉ុលពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ច ជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង បានបន្ថែមទៀតថាៈ ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបយើង គ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង បាន។ ដូច្នេះត្រូវរួមគ្នារក្សាសន្តិភាពនេះ អោយបានគង់វង់ និងសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់ គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាស កសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង បន្ថែមទៀត។

បន្ថែមពីនេះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីនិងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម ៕ V / N