ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញ​៖​លោក បណ្ឌិត វិចា​វ៉ា​ត់ អ៊ី​សា​រ៉ា​ផាក​ឌី អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណា​ចក្រ​ថៃ អមដំណើរ​ដោយ​លោក ឆឺ​ត​គាត អា​ដ្ឋ​ករ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ថៃ អញ្ជើញ​ទស្សនកិច្ច​បណ្ណាល័យ​សម្តេច​ម៉ែ នា​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។

​ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែលជា​កិច្ចការងារ​ស្នូល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ព្រមទាំង​ពិភាក្សា​ដោះដូរ​យោបល់​ផ្នែក​វប្បធម៌​រវាង​កម្ពុជា​និង​ថៃ​។ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​គារវកិច្ច​ស្វាគមន៍​ភ្ញៀវកិត្តិយស​យ៉ាង​កក់ក្តៅ​។ លោក​បានបង្ហាញ​ដល់​ប្រតិភូ​នូវ​បរិក្ខារ​និង​ពិពណ៌នា​រៀបរាប់​យ៉ាង​លម្អិត​អំពី​កិច្ចការងារ​ស្នូល​របស់​បណ្ណាល័យ​សម្តេច​ម៉ែ​, មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សាខា​នៅតាម​បណ្តា​ខេត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​និង បម្រើ​ដល់ ការសិក្សាអប់រំ​, ការចងចាំ​, យុត្តិធម៌ និង​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ចាប់តាំងពី​ចាប់បដិសន្ធិ​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បំពេញភារកិច្ច​យ៉ាង​មោះមុត​ក្នុង ការប្រមែប្រមូល​ចងក្រង​ឯកសារ​ស្តីពី​របប​ខ្មែរក្រហម​ដើម្បី​តម្កល់​ការចងចាំ​ជារួម​សម្រាប់​កម្ពុជា​ហើយ​តាមរយៈ​ការងារ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្តល់​ជា​ឯកសារ​រាប់លាន​សន្លឹក​ដល់​សាលាក្តី​ខ្មែរក្រហម​។​

គួររំឭកថា ព្រះរាជាណាចក្រ​ថៃ ក៏បាន​គាំទ្រ​ដល់​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​តាមរយៈ​ការ​ផ្តល់ជំនួយ សប្បុរស​ដល់​សាលាក្តី​ខ្មែរក្រហម​។​

​ស្របគ្នា​នេះដែរ ភាគី​ថៃ គឺ​លោកស្រី នូ​សា​រ៉ា ថៃ​ថា​វ៉ា​ត់ អ្នកយកព័ត៌មាន​នៅ​ការ​សែត​បាងកក​ប៉ុស្តិ៍​ធ្លាប់បាន​ចូលរួម ចំណែក ជាមួយ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ក្នុងការ​បង្កើតជា​សៀវភៅ​មួយ​មាន​ឈ្មោះថា “​ផ្ទះបាយ​ខ្មែរ​” ឬ “The Cuisine of Cambodia”​ដែល​គឺជា​សៀវភៅ​គ្រឿងផ្សំ​ម្ហូប​ដំបូង​បំផុត​សម្រាប់​មុខម្ហូប​ខ្មែរ​​ក្រោយពី​របប​ខ្មែរក្រហម​បាន​​ដួលរលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​។

​សៀវភៅ​នេះ បាន​ស្តារឡើងវិញ​នូវ​ការចងចាំ​ដ៏​ស្រស់ត្រកាល​អំពី​មុខម្ហូប​ខ្មែរ​ដែល​ប្រជាជន​ខ្មែរ​បាន​បរិភោគ​ក្នុង យុគសម័យ​រុងរឿង នៅ​មុនពេល​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។​

អម​មក​ជាមួយនឹង​អារម្ភកថា​ដែលជា​ព្រះរាជចំណារ​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ សៀវភៅ​មុខម្ហូប​ដែលជា​ស្នាដៃ​រួមគ្នា​រវាង​អ្នកសិក្សា​ស្រាវជ្រាវ​ជនជាតិខ្មែរ​និង​ជនជាតិ​ថៃ​នេះ បាន​បណ្តុះ​នូវ​ស្មារតី​យោគយល់​និង​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​និង​ថៃ​មួយកម្រិត​ទៀត​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ឆាំង យុ បានបង្ហាញ​សៀវភៅ​មុខម្ហូប​ខាងលើ​និង​រៀបរាប់​យ៉ាង​លម្អិត​អំពី​គោលបំណង​នៃ​ ការ​រៀបរៀង​សៀវភៅ​នេះ​ឡើង​។ លោក​ព្រមទាំង​បាន​ពិពណ៌នា​រៀបរាប់​អំពី​គម្រោង​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជូន​ដល់​ភ្ញៀវកិត្តិយស​។ ទន្ទឹមនឹងនេះ​លោក​ក៏បាន​លើក យក​ឯកសារ​កម្រ​មួយចំនួន​នៅក្នុង​សមុច្ច័យ​ឯកសារ​កម្រ​នានា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្ហាញជូន​ភ្ញៀវកិត្តិយស​។

​គណៈប្រតិភូ ក៏បាន​ទស្សនា​វីដេអូ​ឯកសារ​, បណ្ណសារ​សោ​ទស្សន៍​, ឯកសារ​ប្រភេទ​ក្រដាស​, ឯកសារ​រូបថត​និង​បរិក្ខារ​ផ្ទុក ឯកសារ​ជា​ទម្រង់​ឌីជីថល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលមាន​ដាក់​តម្កល់​នៅ​បណ្ណាល័យ​សម្តេចម៉ែ​ថែម​ទៀតផង​។​

​ជា​កិច្ចបញ្ចប់ លោក ឆាំង យុ បានរៀបចំ​កិច្ចពិភាក្សា​ដោះដូរ​យោបល់​ដើម្បី​ផ្តល់ឱកាស​ជូន​គណៈប្រតិភូ​ចែករំលែក​ការ យល់ឃើញ​និង​ចោទ​ជា​សំណួរ​ផ្សេងៗ​។​ប្រតិភូ​កិត្តិយស​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​មកកាន់​បណ្ណាល័យ​សម្តេច​ម៉ែ​នា​រសៀល​នេះ​៕សរន