ប្រែ​សម្រួលៈ​បំណង​(​អេ​ស៊ាវ័ន​)៖ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រកាស​កា​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កុម្ភៈ​ថា ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន វ័យ​៨០​ឆ្នាំ នៅ​«​មាន​សុខភាព​គ្រប់គ្រាន់​សំរាប់​បំពេញភារកិច្ច​»​ក្រោយ​ការពិនិត្យ​សុខភាព​មួយ រួម​មាន​ការ​កាត់​យក​សាច់​ត្រង់​តំបន់​ដំបៅ​ទ្រូង​របស់លោក​ទៅពិនិត្យ និង​បាន​ប្រកាសថា​លោក​លែង​មាន​រោគសញ្ញា​កូវី​ដ​១៩​ក្រោយ​ឆ្លង​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ​កាលពី​ឆ្នាំមុន​។​

​គ្រូពេទ្យ​សេត​វិមាន​លោក​ខេ​វិន អូ​ខុន​ន័រ បាន​និយាយ​ក្នុង​របាយការណ៍​សង្ខេប​មួយ​ថា « លោក​ប្រធានាធិបតី​នៅ​មាន​សុខភាព​គ្រប់គ្រាន់​សំរាប់​បំពេញភារកិច្ច និង​ការ​ការងារ​របស់​លោក​ទាំ​ង​អស់ …»​។​

​លទ្ធផល​នៃ​ការ​ពិនិត្យ​សុខភាព​នេះ​ត្រូវ​បាន​តាមដាន​យ៉ាង​ដិតដល់​នៅ​ពេល​លោកបៃ​ដិន​ត្រៀម​ឈរឈ្មោះ​សំរាប់​អាណត្តិ​ទី​ពីរ​នៅ​ឆ្នាំ​២០២៤​។​របាយការណ៍​បាន​និយាយថា​បៃ​ដិន​មិន​មាន​រោគសញ្ញា​កូវី​ដ​យូរ​ណាមួយ​ទេ រីឯអាការ​ដើរ​បែប​ពិបាក​របស់លោក​មិន​បាន​វិវត្ត​ទៅ​ជា​អាក្រក់​ឡើង​ទេ​ចាប់តាំងពី​ពេល​ពិនិត្យ​សុខភាព​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​។​

​បៃ​ដិ​នក៏បាន​អះអាង​ដោយ​ខ្លួន​លោក​ដែរ​ថា សុខភាព​រាងកាយ​រប​ស់លោក​ល្អ​។​លោក​បាន​ប្រាប់​សារព័ត៌មាន​NBC News​ថា​«​គ្រប់យ៉ាង​ពិតជា​ល្អ​…​អរគុណ​ព្រះ​»​។​

​វា​ជា​ការពិនិត្យ​សុខភាព​លើក​ទី​ពីរ​សំរាប់​លោកបៃ​ដិន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​នៅ​ខែ​មករា​ឆ្នាំ​២០២១

​របាយការណ៍​បាន​និយាយថា លោកបៃ​ដិនបាន​ប្រើ​ថ្នាំ​Crestor​ដើម្បី​រក្សា​កំរិត​កូ​ឡេ​ស្តេ​រ៉ូល​អោយ​នៅទាប​។​សាច់​ដុះ​តូចៗ​ជាច្រើន​ត្រូវបាន​យកចេញ​ពី​មុខ​និង​ក្បាល​របស់​លោក​ដោយ​ប្រើ​ទឹក​អ៊ីដ្រូហ្សែ​នហើយ​ដំបៅ​តូច​មួយ​លើ​ទ្រូង​ត្រូវបាន​កាត់​យក​ទៅ​ពិនិត្យ​។​

​ការពិនិត្យ​ក៏​បាន​រកឃើញ​ថា​លោកបៃ​ដិ​នស្រកទ​ម្ងន់​អស់​៦​ផោន​(២,៧២​គីឡូក្រាម​)​មក​នៅត្រឹម​១៧៨​ផោន​(៨០,៧​គីឡូក្រាម​)​ហើយ​សម្ពាធ​ឈាម​១២៦/៧៨​។​

​សូមបញ្ជាក់​ថា លោកបៃដិនជា​ប្រធានាធិបតី​អាម៉េរិកវ័យ​ចំណាស់​បំផុត​ហើយ​ការស្ទង់មតិ​បង្ហាញ​ថា​ប្រជាជន​អាម៉េរិក​ជាច្រើន​បារម្ភ​អំពី​លទ្ធភាព​របស់​លោក​ក្នុង​ការដឹកនាំ​ប្រ​ទេស​បួន​ឆ្នាំ​ទៀត បើសិនជា​លោក​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០២៤៕