ដោយៈមុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថាៈ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើកលនយោបាយរបស់គណបក្សនយោបាយ ដើម្បីវ៉ៃប្រហារលើរាជរដ្ឋាភិបាល និងជាពិសេស លើក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មិនគោរពច្បាប់វិជ្ជាជីវៈ ក្រមសីលធម៌ ជាអ្នកសារព័ត៌មាន។ ការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ និងស្របច្បាប់។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាម ដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ ការសម្រេចចិត្ររបស់ក្រសួង ព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ ហើយស្របច្បាប់។ ពីព្រោះ មុននឹងឈានដល់កម្រិត នៃការសម្រេចចិត្តនេះ សម្តេចតេជោ បានផ្តល់ឱកាសរយៈពេល ៧២ ម៉ោង ឲ្យថ្នាក់ដឹកនាំវិទ្យុវីអូឌី ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួង ព័ត៌មានផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពសុំទោសដល់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីលាងជម្រះនូវព័ត៌មានមិនពិត ដែលខ្លួនបានផ្សាយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំវិទ្យុវីអូឌី ដែលអាងបរទេសជាបង្អែក បានបំភ្លេចចោលនូវច្បាប់វិជ្ជាជីវៈ ក្រមសីលធម៌ ជាអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន មានមេត្តាចិត្តខ្ពង់ខ្ពស់បំផុត ហើយ ពីព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែល វីអូឌី បានព្យាយាមធ្វើការផ្សាយ ជាសាធារណៈ នៅក្នុងគេហទំព័រក្តី នៅក្នុងការវិភាគតុមូលរបស់ខ្លួនក្តី ហៅវាគ្មិនរបស់ខ្លួន មកនិយាយ ដើម្បីសំដៅវ៉ៃប្រហារ ទៅលើសម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត នោះ គឺវាជារបៀបវារៈនយោបាយ ដែលហាក់ដូចជាកំពុងតែបម្រើកលនយោបាយរបស់ គណបក្សនយោបាយមួយ ដើម្បីវ៉ៃប្រហារ មកលើក្រុមគ្រួសារសម្តេចតេជោ។
លោកបានបន្តថាៈ លិខិតទី១ ដែលជាការជូនដំណឹងរបស់ពួកគេ ដែលផ្សាយនៅលើផេក របស់ពួកគេ គឺមានចរិកឈ្លើយណាស់ និងលិខិតទី២ ដែលគេផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គេគ្រាន់តែសម្តែងការសោកស្តាយ មានន័យថា បង្ហាញការសោកស្តាយដែលពួកគេ ធ្វើខុស ប៉ុន្តែគេមិនព្រមសុំទោស ចំពោះអ្នកដែលគេបានប្រព្រឹត្តកំហុសលើទេ ដែលនេះ ជាចរិកមានៈ។ សម្តេចតេជោ បានបើកបេះដូងយ៉ាងទូលាយ គឺទាមទារឲ្យមានការសុំ ទោស ហើយគ្រាន់តែសុំទោសប៉ុណ្ណឹង ធ្វើមិនបាន មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។
ជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ សូមឲ្យបុគ្គលិកអ្នកធ្វើការ នៅវិទ្យុវីអូឌី ទាំងអស់ ត្រូវជ្រួតជ្រាប ហើយកុំលួសដោយការញុះញង់បញ្ជេះកំហឹង ដោយក្រុមរបស់ពួកគេថា អាហ្នឹង គឺជាការបិទសិទ្ធិសេរីភាព របស់រាជរដ្ឋាភិបាល ឬក៏ថា រាជរដ្ឋាភិបាល សម្រេចបែបនឹង មិនគិតពីឆ្នាំងបាយ ការងារ ប្រាក់ខែចិញ្ចឹមជីវភាពរបស់ បងប្អូន មិនមែនទេ គឺរាជរដ្ឋាភិបាល គិតណាស់អំពីមុខរបរការងារ ចង់ឲ្យប្រជាពលរដ្ឋ មានការងារធ្វើ មានមុខរបរ មានប្រាក់ចំណូលច្រើន ដើម្បីចិញ្ចឹមជីវភាពគ្រួសារ។ ប៉ុន្តែមេដឹកនាំ វីអូឌី ទេ ដែលខ្លួនឯង ជាស្ថាប័នសារព័ត៌មានមួយ ក៏ប៉ុន្តែមិនបានប្រព្រឹត្ត ឲ្យត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈ ដែលខ្លួនបានតម្កល់ នៅក្រសួងមហាផ្ទៃទេ ជាអង្គការសង្គមស៊ីវិលទេ គឺតែងតែធ្វើជាសកម្មជននយោបាយ ជ្រកមុខលាក់មុខ នៅក្រោមស្លាកអង្គភាពសារព័ត៌មាន នៅក្រោមស្លាកសង្គមស៊ីវិលនេះ ដើម្បីបម្រើរបៀបវារៈនយោបាយ របស់គណបក្ស ដែលពួកគេគាំទ្រ។ ហើយមេដឹកនាំ វីអូឌីទេ ដែលធ្វើឲ្យបងប្អូនបាត់បង់ការងារ មិនមែនជាកំហុសរបស់បងប្អូនទេ គឺជាកំហុស របស់មេដឹកនាំវីអូឌី ពីរ បីនាក់ ខាងលើ ដែលធ្វើកិច្ចការមិនសុច្ចរិក បោកប្រាស់បងប្អូន ប្រើវិជ្ជាជីវៈ ចំណេះសមត្ថភាពរបស់បងប្អូន និងបោកប្រាស់បងប្អូន ឲ្យចូលរួមបម្រើនៅក្នុង យុទ្ធនាការ និងរបៀបវារៈនយោបាយ របស់ក្រុមពួកគេ ដើម្បីសំលៀងនូវយុទ្ធសាស្ត្រ គ្រប់សព្វបែបយ៉ាង វ៉ៃប្រហារមកលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសគឺសំដៅមកលើសម្តេចតេជោ និងកូនៗ ព្រមទាំងក្រុមគ្រួសារតែម្តង៕ V / N