ដោយៈ ប.ខុន / ភ្នំពេញៈ នៅក្នុងខែកុម្ភៈនេះ ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរតាម រយៈអូប័រទំនើប ចំនួនជាង ៣០ គ្រឿង របស់ក្រុមហ៊ុនទាំង ៥ ទៅលេងកម្សាន្ត នៅកោះរ៉ុង  ដែលមានឆ្នេរខ្សាច់ល្អស្អាត ដើម្បីជិះទូកស្ទួចត្រី មុជទឹកមើលផ្កាថ្ម ជិះទូកកម្សាន្ត តាមព្រៃកោងកាង ធ្វើដំណើរតាមព្រៃ ទៅលេងទឹកជ្រោះ និងមានកន្លែងស្នាក់នៅ ជាង ២.០០០ បន្ទប់ ឃើញមានការកើនឡើង គួរកត់សម្គាល់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ ភ្ញៀវទៅកម្សាន្តតាមកោះ នៅក្នុងខែកុម្ភៈ មានចំនួនកើនឡើង ដោយគ្រាន់តែនៅរយៈពេល ពីរថ្ងៃចុងសប្តាហ៍ កន្លងទៅ មានភ្ញៀវជាតិ និងអន្តរជាតិ ដល់ជាង ៨០០ នាក់ បានទៅលេងកោះរ៉ុង។ ដោយសារតែចំនួនភ្ញៀវ ទៅលេងកោះ មានចំនួន កើនឡើងនេះហើយ បានជារដ្ឋបាលខេត្ត ជំរុញឱ្យមានការសាងសង់ អគារកញ្ចក់ នៅក្នុងតំបន់ កំពង់ផែស្វយ័ត សម្រាប់ឱ្យភ្ញៀវ រង់ចាំ មុនពេលចេញដំណើរ និងពេលធ្វើដំណើរមកដល់ ដែលកន្លងទៅ ភ្ញៀវត្រូវរង់ចាំនៅទីកន្លែង ដែលមិនសមរម្យ។

លោក នួន  ស៊ីថុល អភិបាលក្រុងកោះរ៉ុង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែកុម្ភៈថាៈ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឃើញមានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្ត នៅលើកោះរ៉ុង ច្រើនគួរកក់សម្គាល់ ដោយក្នុងមួយសប្តាយ៍ មានចំនួនដល់ រាប់ពាន់នាក់។ ភ្ញៀវមកកោះរ៉ុង ជាទូទៅ ស្នាក់នៅមួយយប់ ឬពីរយប់ ទើបបានចាកចេញទៅវិញ។

ភ្ញៀវមកកម្សាន្តលើកោះរ៉ុង ដែលចុងក្រោយនេះ ភាគច្រើន មកជាក្រុមនោះ លោក នួន ស៊ីថុល បានបញ្ជាក់ថា បានលេងកម្សាន្ត នៅតាមឆ្នេរដែលមានខ្សាច់ល្អស្អាត ជិះទូកលេង តាមព្រៃកោងកាង ជិះទូកស្ទួចត្រី មុជទឹកមើលផ្កាថ្ម ដើរលេងតាមព្រៃ ដែលមានទឹកជ្រោះ ចំនួនពីរកន្លែង (ខែប្រាំងនៅសល់ទឹកតិច)។

លោក នួន ស៊ីថុល បាននិយាយឱ្យដឹងទៀតថាៈ ភ្ញៀវធ្វើដំណើរមកកាន់កោះរ៉ុង តាមរយៈ អូប័រទំនើប របស់ក្រុមហ៊ុន ចំនួន៥ មានទៅមកគ្រប់ម៉ោង អូប័រតូចបំផុត មានចំណុះចាប់ពី ២៨ នាក់ និង អូប័រធំ ពីរជាន់ មានចំណុះដល់ ៤០០ នាក់ ដោយត្រូវចំណាយពេលធ្វើ ដំណើរក្នុងរង្វង់ ៤៥ នាទី ភ្ញៀវម្នាក់ៗ ត្រូវចំណាយលើការធ្វើដំណើរទៅមក ១០ម៉ឺនរៀល។

លោកអភិបាលក្រុងកោះរ៉ុង បានឱ្យដឹងទៀតថាៈ ភ្ញៀវមកលេងកម្សាន្ត នៅកោះរ៉ុង ស្នាក់នៅតាមបឹងកាឡូ ផ្ទះសំណាក់.. សរុបមានចំនួនជាង ២.០០០ បន្ទប់ ដោយមាន
តម្លៃចាប់ពី ១០ ដុល្លារឡើង សម្រាប់មួយយប់។ កោះរ៉ុង មានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីដីគោក មានទំហំប្រមាណជា ៧៨ គីឡូម៉ែត្រ បច្ចុប្បន្ន មានប្រជាពលរដ្ឋ ស្នាក់នៅជាអចិន្ត្រៃយ៍ ប្រមាណជា ៣.០០០ នាក់៕ V / N