ដោយៈ គង់ហេង/ កំពង់ចាម៖ លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បើដាក់(ផឹក)ទឹកប្តូរនិស្ស័យ (ស្រា) ហើយ ហៅប្រពន្ធ ប្តី ឬសាច់ញាតិមកដឹកយកទៅផ្ទះ គឺកុំជិះ បើកបរខ្លួនឯងឱ្យសោះ»។
លោកបន្តថា បច្ចុប្បន្នអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាមធ្យម ក្នុងមួយថ្ងៃពី ប្រាំពីរ ទៅប្រាំបី គឺជាបញ្ហាធ្ងន់ធ្ងរបំផុត សម្រាប់ ប្រទេស ជាតិ។
លោកនាយករងខុទ្ទកាល័យ និងជាអនុប្រធានទី១ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោក អញ្ជើញចូលរួមពិធីបើកការ ដ្ឋាន សាងសង់ផ្លូវបេតុងពីរ ខ្សែចម្ងាយសរុប ១៨,២៤ គីឡូម៉ែត្រ ក្នុង ភូមិសាស្រ្ត ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី ១៧ កុម្ភៈនេះ។
លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា អ្វីជាបញ្ហាធ្ងន់បំផុត នៅពេលផ្លូវបេតុងចំនួន ពីរ ខ្សែប្រវែងជិតម្ភៃគីឡូម៉ែត្រសាងសង់ ហើយឆ្លងកាត់ឃុំព្រែករំដេង ឃុំព្រែកដំបូក និងឃុំបារាយណ៍ ក្នុងស្រុកស្រីសន្ធរ គឺគ្រោះថ្នាក់ចរាចរណ៍។ ដោយបច្ចុប្បន្ននៅទូទាំង ប្រទេសជាមធ្យមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃពី ប្រាំពីរ ទៅប្រាំបី នាក់។ អីចឹងសូម« បងៗ ជាបុរស បងៗ ជាស្ត្រី ជាប្រជាពលរដ្ឋភាគច្រើនបើដាក់ទឹកប្តូរនិស្ស័យ(ស្រា)ចូលក្នុងខ្លួនចាប់ពីពេលថ្ងៃដល់ល្ងាចហើយ ចូរកុំជិះ កុំបើកបរ ដោយខ្លួនឯងឱ្យសោះ គឺសាច់ញាតិមកនាំយកទៅផ្ទះ ទើបមិនជួបគ្រោះថ្នាក់» ហើយ «ជាពិសេសក្មួយៗជាសិស្សានុសិស្សកុំជិះ បើកបរលឿនព្រោះ ខ្លាចទៅសាលាយឺត ដែលត្រូវនាយកសាលាបិទទ្វារ របងចាក់សោ មិនឱ្យចូល គឺយើងលៃលកចេញពីផ្ទះឱ្យបានមុនម៉ោងកំណត់ ដោះស្រាយ បានហើយ»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់នៅក្នុង សុន្ទរថាស្វាគមន៍ថា ផ្លូវបេតុងចំនួនពីរខ្សែដេលបើកការដ្ឋាន ស្ថាបនា នាថ្ងៃនេះមានប្រវែង ១៨,២៤គីឡូម៉ែត្រ។ក្នុងនេះ ខ្សែទី១ ១១,០៤គីឡូម៉ែត្រ ពីភូមិព្រែករំដេង ឃុំព្រែករំដេង ដល់ភូមិបារាយណ៍ ឃុំបារាយណ៍ និងខ្សែទី២ ប្រវែង ៧,២០០ គីឡូម៉ែត្រ ពីភូមិតាម៉ឺន ឃុំព្រែកដំបូក ដល់ភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ៕សរន / N