ដោយៈ ប.ជ័យ / បន្ទាយមានជ័យ: នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ មន្ត្រី និងអ្នកពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំ បន្ទាយឆ្មារ (សង្ក្រាន្តបន្ទាយឆ្មារ) នាពេលខាងមុខ នៅទីតាំងក្តារបែន ប្រាសាទបន្ទាយឆ្មារ (ខាងមុខប្រាសាទ) ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមវត្តមាន លោកស្រី អគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ , លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី, លោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ និងលោកស្រី , លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងភ្ញៀវជាច្រើនទៀត។
យោងអ្នករៀបចំ និងអាចារ្យ បានឱ្យដឹងថាៈ គោលបំណងនៃកម្មវិធីនេះ គឺជាការបំពេញ ទៅតាមពិធីសាសនា តាមបែបប្រពៃណី ទំនៀមទម្លាប់ខ្មែរបុរាណរៀងមក ដើម្បីសុំទីតាំង អនុញ្ញាតប្រារព្ធពិធីចូលឆ្នាំ បន្ទាយឆ្មារ និងសុំសេចក្តីសុខពីទេវតា វត្ថុស័ក្តិសិទ្ធទាំងឡាយ ដែលថែរក្សានៅក្នុងប្រាសាទបន្ទាយឆ្មារ ពោលគឺ សូមឱ្យតាមជួយថែរក្សាក្រុមការងារ ទាំងអស់ បំពេញការងារតាមផ្នែកនីមួយៗ និងកម្មវិធីទាំងមូល ដំណើរការដោយរលូន និងប្រកបដោយជោគជ័យ នាពេលខាងមុខ ៕ V / N