ដោយ: ដេប៉ូ/ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ បានរៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «អគារឯកភាពជាតិតេជោ»។
ប្រភពទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានឱ្យដឹងថា«អគារឯកភាពជាតិតេជោ» មានទីតាំងនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ពោលគឺស្ថិតក្នុងតំបន់ជិតទៅនឹងវិមាន ឈ្នះ ឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងភូមិសាស្រ្តភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ប្រើរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៧ ខែកុម្ភៈ តទៅ។
ក្រសួងបរិស្ថានបានឱ្យដឹងថអគារនេះ នឹងចូលមកបំពេញសេចក្ដីត្រូវការចាំបាច់បន្ថែមក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន។ គួរបញ្ជាក់ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសាងសង់អគារឯកភាពជាតិតេជោ ។ក្រៅអំពីនេះគេក៏បានឃើញការចូលរួមពី សំណាក់ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយ លោកសាកលវិទ្យាធិការ ក្រុមការងារផ្នែកប្រឹក្សាយោបល់លើការងារសាងសង់ ក្រុមការងារក្រុមហ៊ុន ហេង សម្បត្តិ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប៕សរន/R