ដោយ:ដេប៉ូ/សៀមរាប៖កូនឈើច្រើនប្រភេទ និងរួមទាំងដើមផ្កាសម្រាប់ដាំលម្អចំនួន២០០ដើមត្រូវបានគេយកទៅដាំនៅ មជ្ឈមណ្ឌលស្រវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាក្រុមការងារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងមន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយអង្គការការីតាស បានរៀបចំពិធីដាំដើមឈើ និងដើមផ្កាលម្អចំនួន ២០០ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នាឱកាសនៃកិច្ចប្រជុំឆ្លុះបញ្ជាំងកាងារប្រចាំឆ្នាំរបស់បុគ្គលិកអង្គការការីតាសទូទាំងប្រទេស។ កម្មវិធីនេះរៀបចំឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្នុងគោលបំណងចូលរួមចំែណកថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការដាំដើមឈើឡើងវិញ។
ក្នុងឱកាសនោះ បុគ្គលិកអង្គការការីតាស ក៏បានបន្តទស្សនកិច្ចសមិទ្ធផលនានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងបានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពការងារដែលមជ្ឈមណ្ឌលសម្រេចបាន។
ជាមួយគ្នានេះដែរ ក្រុមការងារបានប្រគល់ជូនដើមគូលែន ដើមសេមាន់ និងដើមភ្ងៀវ និងពូជផ្កាឈូករ័ត្នន៍មួយចំនួនដល់បុគ្គលិកអង្គការការីតាសដើម្បីបន្តដាំនៅតាមទីធ្លាអង្គការ និងផ្ទះរបស់ខ្លួនផងដែរ៕សរន/R