​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាអំណាច​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​កុម្ភៈ​បាន​ប្តេជ្ញា​បង្កើន​ការគាំទ្រ​សម្រាប់​អ៊ុ​យក្រែន ខណៈ​ខ្លួន​ប្រយុទ្ធ​ដើម្បី​វាយ​បណ្តេញ​រុស្ស៊ី​ស្របពេល​ប្រធានាធិបតី​​បារាំង​គូសបញ្ជាក់​នៅក្នុង​សន្និសីទ​សន្តិសុខ​ដ៏​ធំ​មួយ​ថា ពេលវេលា​មិន​ទាន់​អំណោយផល​ទេ​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ប៉ុន្មាន​ថ្ងៃ​នៅ​មុន​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ចូល​ទៅ​អ៊ុ​យក្រែន រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ដណ្តើម​ជោគជ័យ​ខ្លះៗ​នៅក្នុង​ការវាយលុករ​បស់​ខ្លួន​។​

​ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner បាន​អះអាង​ពី​ការ​ដណ្តើមបាន​ភូមិ​មួយ​នៅ​ជិត​ទីក្រុង​បា​ឃ្មុត (Bakhmut) ភាគ​ខាងកើត​ជាទី​តាំង​នៃ​សមរភូមិ​ដ៏​យូរ​បំផុត​និង​បង្ហូរឈាម​បំផុត​​រហូតមកទល់​ពេលនេះ​។​

​ក្រោយមក​នៅ​ល្ងាច​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន លោក ច​ន កឺ​ប៊ី (John Kirby) បាន​ទទួលស្គាល់ថា “​រុស្ស៊ី​បាន​មានប្រៀប​ឈ្នះ​មួយចំនួន​នៅក្នុង​និង​ជុំវិញ​ទីក្រុង​បា​ឃ្មុត​។ ប៉ុន្តែ​ទីក្រុង​នេះ​គ្មាន​តម្លៃ​យុទ្ធសាស្ត្រ​ពិតប្រាកដ​ទេ​”​។​

​លោក​បាន​បន្ថែមថា “​យើង​ប៉ាន់ប្រមាណ​ឥឡូវ​នេះ​ថា ក្រុមហ៊ុន Wagner​បាន​រង​នូវ​ការស្លាប់​និង​របួស ៣០.០០០ នាក់ រួម​ទាំង​ប្រហែល ៩.០០០ នាក់​ត្រូវ​សម្លាប់​នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​”​ខណៈ​ពាក់​​កណ្តាល​នៃ​អ្នកស្លាប់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែ​ធ្នូ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​បើក​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និច (Munich)​ជាមួយនឹង​ការ​អង្វរ​យ៉ាង​អន្ទះអន្ទែង​ឱ្យ​សម្ពន្ធមិត្ត​ពន្លឿន​ការគាំទ្រ ដោយ​អះអាង​ថា ជីវិត​មនុស្ស​កំពុង​ប្រឈម​គ្រោះថ្នាក់​។​

​លោក​បាន​និយាយថា “​យើង​ត្រូវការ​ល្បឿន​។ ល្បឿន​នៃ​កិច្ចព្រមព្រៀង​របស់​យើង ល្បឿន​នៃ​ការដឹកជញ្ជូន​របស់​យើង … ល្បឿន​នៃ​ការសម្រេចចិត្ត​ដើម្បី​រឹតត្បិត​សក្តានុពល​របស់​រុស្ស៊ី​”​។​

​ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ចូលរួម​ក្នុង​ការអំពាវនាវ​ឱ្យ​សម្ពន្ធ​មិត្ត “​បង្កើន​ការគាំទ្រ​” សម្រាប់​អ៊ុ​យក្រែន ដើម្បី​ជួយ​ដល់​កងកម្លាំង​របស់​អ៊ុយ​ក្រែន​ក្នុង​ការបើក​ការវាយលុ​ក​តប​វិញ​។​

​លោក​បាន​និយាយថា “​វា​មិនមែន​ជា​ពេលវេលា​សម្រាប់​កិច្ចសន្ទនា​នោះទេ ពីព្រោះ​យើង​មាន​រុស្ស៊ី​ដែល​បាន​ជ្រើសរើស​យក​សង្គ្រាម ដែល​បាន​ជ្រើសរើស​បង្កើន​សង្គ្រាម​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ដែល​បានជ្រើសរើស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​កាន់តែ​ផុង​ជ្រៅ​ទៅ និង​វាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​”​។​

​លោក​បាន​បន្ថែមថា បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់ “​ជម្លោះ​អូសបន្លាយ​ពេល​យូរ​” ខណៈ​លោក​ទទូចថា នេះ​មិនមែន​ជា​អ្វី​ដែល​លោក​ចង់​បាន​នោះទេ​។​

​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល បាន​ទទូចថា ការគាំទ្រ​របស់​អាល្លឺម៉ង់​ត្រូវបាន “​បង្កើតឡើង​ដើម្បី​ឱ្យ​គង់វង្ស​” ហើយ​បាន​ជំរុញ​ឱ្យ​សម្ពន្ធមិត្ត​បង្កើន​ល្បឿន​នៃ​ការ​ចែកចាយ​រថក្រោះ​ធុន​ធ្ងន់​ដែល​បាន​សន្យា​ដល់​អ៊ុ​យក្រែន​៕

អ៊ុយ​ក្រែន​កំពុង​សង្ខុញ​ឱ្យ​បញ្ជូន​អាវុធ​មក​ឱ្យ​បាន​ឆាប់​