ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់រយៈពេល ឈប់ទទួលពាក្យ សុំចូលធ្វើការរបស់អតីតបុគ្គលិកវិទ្យុ វីអូឌី ត្រឹមម៉ោង ១៧ៈ០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយគិតត្រឹមល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ មានបុគ្គលិកអតីតវិទ្យុ វីអូឌី ចំនួន ៨ រូប បានមកដាក់ពាក្យសុំចូល ធ្វើការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ ” កាលពីថ្ងៃ ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាស
ផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បង់ការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ ១៧ កុម្ភៈ ២០២៣ នេះ មានបុគ្គលិក ៨ រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេល ឈប់ទទួលពាក្យ សុំចូលធ្វើការត្រឹម ម៉ោង ១៧ៈ០០ នាទី ថ្ងៃ ២៨ កុម្ភៈ ២០២៣។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌីគ្មានថ្ងៃ រស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណ ចំពោះ អ្នកបង្ហោះសារថា បងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែ និងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើ ដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋ នៅពេលនេះ ត្រូវមានការប្រឡង យ៉ាងតឹងតែង ទើបអាចចូលបាន ប្រសិន បងប្អូន មិនទទួលយក ដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់ មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំ នឹងរុញទូកបណ្តោយទឹក ដើម្បីឲ្យពួកអ្នកដឹង ពីរបៀប​ដែលខ្ញុំគិតនិងធ្វើការ”។

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ រៀបចំការទទួលពាក្យរបស់ អតីតបុគ្គលិកវិទ្យុសំឡេង ប្រជាធិបតេយ្យ VOD ដែលមានបំណងចូលបម្រើការងាររដ្ឋ តាមក្រសួង-ស្ថាប័ន។

គណៈកម្មការនេះ មានសមាសភាពចំនួន ១៣ រូប ដោយក្នុងនោះ មានប្រធាន ១រូប . អនុប្រធាន ១រូប និងសមាជិកចំនួន ១១ រូប។

គណៈកម្មការនេះ មានភារកិច្ច ដូចខាងក្រោម៖
– ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលមានបំណងចង់ ចូលបម្រើការងាររដ្ឋ។
– ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដើម្បីរៀបចំបញ្ចូលក្របខ័ណ្ឌ ស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងារ របស់បុគ្គលិកម្នាក់ៗ។
– រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌ ឱ្យស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
– សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិក វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ។
– បូកសរុបរបាយការណ៍ជាប្រចាំ ជូនលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
– បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕/V-PC